Connect with us

អង្គការ FOUR PAWS៖ សត្វឆ្កែ៧០០០ក្បាល ត្រូវបានជួយសង្គ្រោះ ក្រោមចំណាត់ការរបស់ខេត្តសៀមរាប

សៀមរាប៖ នៅដើមខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចេញបម្រាម មិនឱ្យធ្វើអាជីវកម្ម ទិញលក់ និងពិឃាតសត្វឆ្កែជាអាហារ ដែលទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការនានា។ តួយ៉ាង អង្គការ ហ្វរផរ (Four Paws) បានឱ្យដឹងថា ចំណាត់ការនេះ នឹងអាចជួយសង្គ្រោះជីវិតសត្វឆ្កែ បានប្រមាណ ៧០០០ពាន់ក្បាលក្នុងមួយខែ។

អង្គការ ហ្វរផរ បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា សត្វឆ្កែប្រមាណ ៣លានក្បាល ត្រូវបានពិឃាត ជារៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជា។ អង្គការនេះ មានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការហាមឃាត់ការទិញលក់ និងពិឃាតសត្វឆ្កែជាអាហារ ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ អង្គការនេះ ក៏មានយុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងវៀតណាមផងដែរ។

អង្គការ ហ្វរផរ បានបន្ថែមថា ការទទួលទានសាច់ឆ្កែ អាចបង្កហានិភាពសុខភាព ពិសេសជំងឺឆ្កែឆ្កូត និងជំងឺឆ្លងពីសត្វទៅមនុស្សផ្សេងៗ។

យោងតាមសេចក្ដីប្រកាសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មទិញលក់ និងពិឃាតសត្វឆ្កែ ដើម្បីធ្វើជាអាហារ មានភាពអាណាធិបតេយ្យ និងកើតឡើងគួរឱ្យព្រួយបារម្ភ។ នេះជាសញ្ញាបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ និងគុណធម៌ផងដែរ៕

ប្រភព៖ Four Paws

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម