Connect with us

របរប្រើសត្វស្វា ឱ្យបេះផ្លែដូងនៅថៃ ត្រូវបានអន្តរជាតិ រិះគន់ពីការជិះជាន់ពលកម្មសត្វ

ថៃ៖ ក្រុមហ៊ុនធំៗ ដែលនាំចូលផ្លែដូង ទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើពហិការ ឈប់ទិញផ្លែដូងពីប្រទេសថៃ ដោយសង្ស័យថា ថៃបានប្រើប្រាស់សត្វស្វា ឱ្យឡើងបេះផ្លែដូង ហើយធ្វើបាបពួកវាគួរឱ្យអាណិត។

អង្គការមិនរកប្រាក់កម្រៃ PETA បានឱ្យដឹងថា សត្វស្វា ត្រូវបានប្រើប្រាស់ឱ្យបេះផ្លែដូង នៅក្នុងចម្ការ មួយចំនួន នៅក្នុងប្រទេសថៃ ហើយផ្លែដូងទាំងនោះ ត្រូវបាននាំចេញទៅកាន់ប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ អង្គការ PETA បន្តថា ហាងលក់ទំនិញជាង ១៥០០០កន្លែង បានផ្អាកការទិញផ្លែដូង របស់ថៃ ដែលបានជិះជាន់កម្លាំងពលកម្មសត្វស្វា។ ក្រុមហ៊ុនចំនួន ៤ នៅចក្រភពអង់គ្លេស បានប្រកាសឈប់លក់ផ្លែដូង ដែលមានប្រភពពីថៃ ទៅឱ្យអតិថិជនខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

អង្គការ PETA បន្ថែមថា ខ្លួនបានរកឃើញកសិដ្ឋានចំនួន ៨ នៅក្នុងប្រទេសថៃ ដែលបានបង្ខំសត្វស្វាឱ្យឡើងបេះផ្លែដូង។ ប្រភពឱ្យដឹងទៀតថា ស្វាឈ្មោលច្រើនក្បាល អាចបេះផ្លែដូងបាន រហូតដល់ ១០០០ផ្លែក្នុងមួយថ្ងៃ ខណៈមនុស្សម្នាក់ អាចបេះបាន ៨០ផ្លែក្នុងមួយថ្ងៃ។ PETA ជំរុញឱ្យមានការចូលរួមបញ្ឈប់ការជិះជាន់កម្លាំងពលកម្មសត្វស្វា ដោយឈប់ទិញផ្លែដូងពីប្រទេសថៃ។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម កសិករដាំដូង និងសាលាបង្រៀនសត្វស្វា នៅប្រទេសថៃ បានច្រានចោលនូវការលើកឡើងទាំងនេះ ហើយបានអញ្ជើញប្រតិភូអឺរ៉ុប ទៅធ្វើទស្សនកិច្ចនៅតាមកសិដ្ឋាន ដែលប្រើប្រាស់សត្វស្វា ឱ្យបេះផ្លែដូង ដោយផ្ទាល់តែម្ដង៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម