Connect with us

រដ្ឋមន្រ្តីបរិស្ថាន អះអាងប្រាប់អន្តរជាតិ ពីការចូលរួមរបស់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រឆាំង ការជួញដូរសត្វព្រៃខុសច្បាប់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និង ទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ។


បើតាមមន្រ្តីអ្នកនាំពាក្យ បានអោយដឹងថា ការអះអាងនេះ បានធ្វើឡើងខណៈដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមនៅក្នុងកម្មវិធី លើកតម្កើងឥរិយាបថ នៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ដែលប្រព្រឹត្តទៅនៅថ្ងៃម្សិលម៉ិញ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀតក្នុងនោះក៏មានវត្តមានរបស់លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ ។


ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា ក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់នៅលើពិភពលោក ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំចំនួនពីរ ដែលនិយាយពីការប្រឆាំងនឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះ ។ ឯកឧត្តម រំពឹងថា ខ្សែរវីដេអូអប់រំនេះ នឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។


ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន មានការតាំងចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងស្នើរគ្រប់ភាគីពាក់ព័ន្ធ ត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ ។ កម្ពុជា បានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន និងបានរំដោះសត្វព្រៃជាច្រើន ពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការពិន័យជាប្រាក់ជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម