Connect with us

ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឱ្យងងឹត

ភ្នែកគឺជាផ្នែកមួយនៃរាងកាយដែលជួយឱ្យយើងមើលឃើញអ្វីៗនៅជុំវិញខ្លួន។ ប៉ុន្តែមនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍ថែទាំភ្នែកទាំងគូឱ្យបានល្អប៉ុន្មានទេ ទាំងដែលភ្នែកក៏ងាយរងផលប៉ះពាល់ពីជំងឺភ្នែក ដូចជាភ្នែកឡើងបាយដែលអាចបណ្ដាលឱ្យងងឹតភ្នែកបាន។

មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុកថា ជំងឺភ្នែកឡើងបាយ ជាជំងឺដែលកើតនៅលើកែវភ្នែក ស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ ឬឡើងពណ៌ស ជាហេតុបណ្ដាលឱ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់នៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើឱ្យគំហើញមានការថយចុះ។ ជំងឺភ្នែកឡើងបាយនេះ អាចបណ្ដាលមកពីមូលហេតុមួយចំនួនដែលយើងគួរដឹងដូចជា៖

– អាយុច្រើន និងភាពចាស់ជរា
– ជំងឺទឹកនោមផ្អែម
– ជំងឺទឹកដក់ក្នុងភ្នែក
– ជំងឺរលាកប្រស្រីភ្នែក
– ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក
– ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងញឹកញាប់
– ការកើតមានពីកំណើតទៅលើកុមារ ឬទារក(ដូចជាក្នុងអំឡុងពេលម្ដាយមានជំងឺស្អូចជាដើម)។
– ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រយៈពេលយូរហួសកម្រិត ឬក្រហមភ្នែកដែលមានផ្ទុកនូវជាតិសេ្តរ៉ូអ៊ីត។

ប្រសិនបើភ្នែកមានជំងឺឡើងបាយ វានឹងចេញរោគសញ្ញាខ្លះៗដូចជា មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា មើលឃើញច្បាស់បន្តិច នៅពេលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។ល។
មន្ទីរពេទ្យកាល់ម៉ែត បន្ថែមថា ការកើតជំងឺភ្នែកឡើងបាយ អាចធ្វើឱ្យភ្នែកងងឹតទាំងស្រុង រលាកឈឺក្នុងភ្នែក រលាកបាត ឬរបើកបាតភ្នែក ក្នុងករណីដែលមិនព្យាបាលបានទាន់ពេលវេលា៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម