Connect with us

មន្រ្តីសង្ឃ ចេញមកបញ្ជាក់ថា ភ្ជុំបិណ្ឌខ្មែរ មិនមែនជាភ្ជុំបិណ្ឌខ្មោច ដូចការលើកឡើងក្នុងបណ្តាញសង្គមមួយចំនួននោះទេ

ភ្នំពេញ ៖ ពិធីបុណ្យ« ភ្ជុំបិណ្ឌ» នេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺជាពិធីដែលប្រជាពុទ្ឋបរិស័ទប្រារព្ឋធ្វើដោយចេតនាដ៏បរិសុទ្ឋដើម្បីឧទ្ទិសបុណ្យកុសលដល់ញាតិដែលបានធ្វើកាលមរណៈទៅ និងជាការបំពេញទានរបស់ទាយកទាយិកាដោយផ្ទាល់ គឺមិនមែនបុណ្យធ្វើសម្រាប់តែប្រែតនរក ឬក៏ជាការធ្វើបុណ្យលួងចិត្តខ្មោច នរក ឬប្រែតក៏ទេដែរ។

នេះ បើយោងតាមព្រះសង្ឃ ដីការរបស់ព្រះអង្គ សាត វិបុល ព្រះចៅអធិការវត្តជេដ្ឋាឧត្តម ខណ្ឌព្រែកព្នៅ ។ ការចេញមកបញ្ជាក់នេះ គឺបន្ទាប់ពីមានការលើកឡើង ជាមួយនឹងការរិះគន់មួយចំនួនលើបណ្តាញសង្គមទាក់ទងនឹងការប្រារព្ធនូវពិធីបុណ្យនេះ ។


បើតាមព្រះអង្គ សាត វិបុល បានមានសង្ឃដីការ បញ្ជាក់ថា នៅពីក្រោយបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺបង្កប់ដោយរាប់រយអត្ថន័យទាំងក្នុងស្មារតីជាតិ សាសនា និង ប្រពៃណីរបស់ខ្មែរ ។ ដូចនេះ ក្រុមអ្នកប្រាជ្ញសម័យហ្វេសបុក គួរណាស់តែសិក្សាប្រពៃណីខ្មែរឲ្យបានច្បាស់លាស់សិន មុននិងបកស្រាយ និង អារកាត់សេចក្ដីនៃអត្ថន័យចំពោះការប្រារព្ឋប្រពៃណីខ្មែរនីមួយៗ ។


ព្រះអង្គ បានលើកឡើងថា សូម្បីព្រះសម្មាសម្ពុទ្ឋ ក៏ទ្រង់ជួបផលលំបាកក្នុងការពន្យល់អត្ថន័យរបស់សាសនា (ព្រះធម៌) របស់ព្រះអង្គដើម្បីឲ្យគេយល់បានដែរ នៅពេលដែលព្រះអង្គទើបចេញបង្រៀនលើកដំបូងក្រោយបានត្រាស់ដឹងភ្លាមៗ ។ ដោយសារព្រះធម៌របស់ព្រះអង្គ គឺមានអត្ថន័យជ្រាលជ្រៅ ផ្ទុយពីរអ្វីដែលមនុស្សធ្លាប់ចេះដឹងមកក្នុងសង្គមជម្ពូទ្វីប( អាស៊ីបូព៌ា) រហូតធ្វើឲ្យព្រះអង្គ សម្រេចព្រះទ័យខ្ចីពាក្យរបស់ប្រពៃណីចាស់ៗ ដែលគេប្រើនៅក្នុងសង្គមយកមកធ្វើជាយាន្តសម្រាប់បង្រៀនមនុស្ស ឲ្យយល់អំពីអ្វីដែលព្រះអង្គចង់បង្រៀនដល់សង្គម ។

ក្នុងនោះ ដូចជា ជាពាក្យថា « សង្ឃ ធម្ម ព្រាហ្មណ៍ វិមុត្តិ ភិក្ខុ និង កម្ម » ជាដើម ដោយយកពាក្យដើមរបស់សង្គម មកប្រើក្នុងអត្ថន័យថ្មី ។ ចុងក្រោយ ព្រះពុទ្ឋបានបង្កើតពាក្យថ្មីមួយទៀតក្នុងសង្គមជម្ពូទ្វីបនោះគឺពាក្យថា« និព្វាន» សម្រាប់ហៅគោលដៅចុងក្រោយរបស់អ្នកកាន់សាសនារបស់ព្រះអង្គ។


ព្រះអង្គ បានបន្តលើកឡើងទៀតថា កាលដែលដូនតាខ្មែរ បានសម្រេចបង្កើតប្រពៃណីបុណ្យជាច្រើនសម្រាប់កូនខ្មែរប្រតិបត្តិនោះ គឺបង្កប់ដោយអត្ថន័យច្រើនអនេកណាស់ គឺគាត់មិនមែនមិនយល់នោះទេ ។ ដូនតា គឺជាអ្នកធ្វើសមាហរណកម្មប្រពៃណីបីរួមគ្នា គឺជាការច្របាច់បញ្ជូលនៃ ប្រពៃណីខ្មែរសុទ្ឋ+ប្រពៃណីព្រហ្មញ្ញសាសនា+ ទស្សន:វិជ្ជាព្រះពុទ្ឋសានា=បុណ្យខ្មែរ ។

ដូចនេះ បុណ្យនីមួយៗ គឺបង្កប់ដោយអត្ថន័យ និងគោលដៅច្បាស់លាស់ ហើយអ្វីដែលមិនច្បាស់លាស់ គឺក្រុមអ្នកលើកឡើងមួយចំនួន ដែលមិនច្បាស់ហើយចេះតែបកស្រាយតាមចំណេះដឹងផ្ទាល់ខ្លួននោះ ដោយម្គាល់ថាខ្លួនឯងជាអ្នក«ច្បាស់»។
បើតាមព្រះអង្គ សាត វិបុល ព្រះពុទ្ឋសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងទម្រង់បួនយ៉ាងគឺ៖

  1. ព្រះពុទ្ឋសាសនាបែបប្រពៃណី (ទទួលឥទ្ឋិពលពីប្រពៃណីដើមរបស់អ្នកបដិបត្តិ)
  2. ព្រះពុទ្ឋសាសនាប្រជាប្រិីយ៍ ( ទទួលឥទ្ឋិពលពីចរន្តសង្គមដែលកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ)
  3. ព្រះពុទ្ឋសាសនាបែបអប់រំនិយមប្រកបដោយនិយាមច្បាស់លាស់( ទទួលឥទ្ឋិពលពីការសិក្សាច្បាស់លាស់ដោយពឹងផ្អែកទៅលើលទ្ឋផលនៃការសិក្សាកម្រិតខ្ពស់)
  4. ព្រះពុទ្ឋសាសនាបែបបដិបត្តិ( ទទួលបដិបត្តិតែម្យ៉ាងដោយមិនពឹងផ្អែកលើអ្វីទាំងអស់)។

ប្រជាពុទ្ឋសាសនិកទាំងអស់ មិនមានបញ្ញាដូចគ្នាដើម្បីបដិបត្តិធម៌របស់ព្រះពុទ្ឋជាម្ចាស់ក្នុងកម្រិតដូចគ្នាឡើយ ព្រោះហេតុដូច្នេះហើយ ទើបប្រទេសអ្នកកាន់ព្រះពុទ្ឋសាសនានានា មាន ទេព្យកោសល្យរៀងៗខ្លួនក្នុងបង្កើតប្រពៃណី ដើម្បីនាំយកទស្សនៈវិជ្ជាព្រះពុទ្ឋសាសនាទៅទុកដាក់ក្នុងដួងចិត្តមនុស្សតាមរូបភាព និង មធ្យោបាយផ្សេងៗពីគ្នា ប៉ុន្តែមានទិសដៅរួមគឺការ «យល់ធម៌» របស់ព្រះពុទ្ឋ ។ ព្រោះហេតុនេះ កាលណាគេនិយាយដល់ប្រពៃណីយ៍ គឺគេមិនមើលរូបភាពជាធំទេ គឺគេមើលអត្ថន័យជាធំ នៅពីក្រោយការអនុវត្តប្រពៃណីនោះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បានកំពុងនាំគ្នាប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែកញ្ញា និង បញ្ចប់ដោយពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ទី ៩ ខែតុលា ឆ្នាំ២០១៨ ដែលរយៈពេល ១៥ថ្ងៃ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម