Connect with us

ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន

ការធ្វើលំហាត់ប្រាណ មុនពេលការញ៉ាំអាហារពេលព្រឹក ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា មានប្រសិទ្ធិភាពជួយរាងកាយ អាចប្រឆាំងនឹងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ បាន។

តាមលទ្ធផលស្រាវជ្រាវធ្វើឡើង ដោយសាកលវិទ្យាល័យ Bath សហការជាមួយសាកលវិទ្យាល័យ Birmingham ប្រទេសអង់គ្លេស បានតាមដាន និងរកឃើញលើអ្នកស្ម័គ្រចិត្តប្រមាណ ៣០នាក់។ អ្នកចូលរួមស្ម័គ្រចិត្តសុទ្ធសឹងជាអ្នកមានរាងកាយធាត់ នៅពេលពិសោធ អ្នកស្រាវជ្រាវបានបែងចែកពួកគេជាពីរក្រុម ដោយ១ក្រុម ធ្វើលំហាត់ប្រាណ មុនញ៉ាំអាហារព្រឹក ១ក្រុមទៀត ញ៉ាំអាហាររួចទើបហាត់ប្រាណ ក្នុងរយៈពេល ៦សប្តាហ៍។

ជាលទ្ធផល អ្នកស្រាវជ្រាវកត់សម្គាល់ឃើញថា ក្រុមដែលធ្វើលំហាត់ប្រាណរួចទើបញ៉ាំអាហារពេលព្រឹក មានលទ្ធផលប្រសើរ ដោយសាច់ដុំ និងរាងកាយពួកគេ ឆ្លើយតបនឹងអាំងស៊ុយលីនបានយ៉ាងល្អ ពោលគឺ អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដែលលទ្ធផលនេះជាភាសាបច្ចេកទេសហៅថា “Insulin Sensitive”។ សម្រាប់លទ្ធផលនេះ រាងកាយពួកគេត្រូវការអាំងស៊ុយលីនក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

ដោយឡែក សម្រាប់ក្រុមដែលញ៉ាំអាហាររួច ទើបហាត់ប្រាណ បែរទទួលបានលទ្ធផលផ្ទុយ គឺរាងកាយមិនអាចតបនឹងអាំងស៊ុយលីន (គ្រប់គ្រងជាតិស្ករក្នុងឈាម) ដែលតម្រូវឱ្យពួកគេត្រូវការអាំងស៊ុយលីនបន្ថែមសម្រាប់រាងកាយ ហើយភាសាបច្ចេកទេសសម្រាប់លទ្ធផលនេះហៅថា “Insulin Resistance”។

ដោយឃើញលទ្ធផលនេះ លោកវេជ្ជបណ្ឌិត Javier Gonzalez អ្នកដឹកនាំការស្រាវជ្រាវនៃសាកលវិទ្យាល័យខាងលើ បាននិយាយថា៖ “យើងអាចឃើញហើយថា ការហាត់ប្រាណដូចគ្នា គ្រាន់តែខុសពេលវេលា ញ៉ាំមុន និងក្រោយប៉ុណ្ណោះ បែរជាទទួលលទ្ធផលផ្សេងគ្នា ដូចនេះលទ្ធផលវិជ្ជមានគឺ ការទទួលបាន “Insulin Sensitive” គឺមានភាពប្រសើរដើម្បីកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២”៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម