Connect with us

ភាពយន្តរឿង “កម្ម” បើកវគ្គបណ្តុះបណ្តាលដល់យុវជន ឱ្យចេះប្រើកាមេរ៉ា Hollywood

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ ផលិតកម្ម “រាម” (Ream Production) សហការជាមួយ “ដានស៊ីងរ៉េន” (DancingRains) ដែលជាក្រុមហ៊ុនចែកចាយ ភាពយន្តខ្នាតធំរឿង “កម្ម” បានរៀបចំសិក្ខាសាលាពិសេសមួយនៅទីតាំងថតផ្ទាល់របស់រឿងរន្ធត់មួយនេះតែម្តង ដល់សមិទ្ធិករភាពយន្តនៅក្រុងបាត់ដំបង ដើម្បីពង្រឹង ចំណេះដឹងរបស់ពួកគាត់លើផ្នែកថតភាពយន្ត ដោយកាមេរ៉ាទំនើបកម្រិតហូលីវូដ ហៅថា ARRI (អានថា “អេរី”)។

វគ្គបណ្តុះបណ្តាលនោះ បានអញ្ជើញវាគ្មិនជំនាញ ៣ រូប ដូចជា៖

១- លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿង “កម្ម” និងជាតំណាងចែកចាយARRI Cambodia

២- លោក នៅ សុវណ្ណារ័ត្ន ដែលជាប្រធានផ្នែករូបភាព (Director of Photography) របស់ផលិតកម្ម “រាម”

៣- លោក រុន សុខហេង ដែលជាការីថតអាជីព (Cinematographer) សម្រាប់រឿង “កម្ម” និងត្រូវបណ្តាញអ្នកថត ភាពយន្ត ស្គាល់តាមរយៈគណនី Frame29។

ជាលទ្ធផលនៃវគ្គសិក្សានេះលោក ប៉ោយ ឈុនលី តំណាងឱ្យសិក្ខាកាមវគ្គបង្ហាត់បង្ហាញ ARRI នេះវិញ ដែលគេឯងច្រើន ហៅថា Pacquiao ខ្មែរនោះ លោកបានសម្តែងការភ្ញាក់ផ្អើលថា៖ “បន្ទាប់ពីសិក្សាស្វែងយល់ពី ARRI តាមរយៈ ឧទាហរណ៍ រឿង “កម្ម” រួចហើយ ខ្ញុំមិននឹកស្មានថា មានកាមេរ៉ាផ្តល់រូបភាពអស្ចារ្យ និងបែបអាជីព និងស្តង់ដារអន្តរជាតិ ដូច ARRI សោះ។ ដូច្នេះខ្ញុំក៏នឹងសាកប្រើកាមេរ៉ា សម្រាប់ភាពយន្តខ្លី ក្រោយរបស់ខ្ញុំ និងក្រុមខ្ញុំនៅបាត់ដំបងផងដែរ”។

ទាក់ទិននឹងសាច់រឿងត្រួសៗក្នុងភាពយន្តនេះគឺ ចាប់ផ្តើមឡើង នៅភូមិគ្រឹះ ១ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រប់ខួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង ដោយនាងបានលាន់មាត់ជាចុងក្រោយថា៖ “ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត”។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។

ភាពយន្តបែបរន្ធត់មួយនេះកំពុងសម្រិតសម្រាំងការថតយ៉ាងយកចិត្តទុកដាក់ ដោយបានចំណាយដើមទុនអស់ជាច្រើនលានផងដែរ។ យ៉ាងណាក៏ដោយភាពយន្តមួយនេះ នៅមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់ណាមួយសម្រាប់ចាក់បញ្ចាំងនៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម