Connect with us

ប្រទេសចិន បង្កើតកញ្ចប់ថវិកា ៨ ៧៥០ លានដុល្លាអាមេរិក ដើម្បីជួយដល់វិស័យអាជីវកម្មខ្នាតតូច និង វិស័យកសិកម្ម

ប្រទេសចិន ៖ រដ្ឋាភិបាលចិន បានបង្កើតជាផ្លូវការ នូវមូលនិធិធានារ៉ាប់រងហិរញ្ញវត្ថុថ្នាក់ជាតិមួយ នៅទីក្រុងប៉េកាំង ដើម្បីជួយលើកស្ទួយបន្ថែមទៀតដល់អាជីវករខ្នាតតូច និង វិស័យកសិកម្ម។

កាលពីខែមិនា រដ្ឋាភិបាលកណ្តាលរបស់ចិន ឬ ហៅម្យ៉ាងទៀតថា ក្រុមប្រឹក្សាជាតិចិន បានអនុម័តលើផែនការដាក់ឱ្យដំណើរការមូលនិធិធានារ៉ាប់រងហិរញ្ញវត្ថុ ដែលមានកញ្ចប់ថវិកាដំបូងយ៉ាងហោចណាច់ចំនួន ៨ពាន់ ៧៥០ លានដុល្លារអាមេរិក។ មូលនិធិនេះ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់គម្រោងផ្តល់សេវាធានារ៉ាប់រងហិរញ្ញវត្ថុផ្សេងៗ ដែលទទួលជំនួយគាំទ្រពីរដ្ឋាភិបាលថ្នាក់តំបន់ ។

ដោយបានផ្តួចផ្តើមគំនិតឡើងដោយក្រសួងហិរញ្ញវត្ថុចិន និងមានការគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន មូលនិធិនេះ មានបំណងលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុទាំងឡាយ ដែលអាជីវកម្មខ្នាតតូចជួបប្រទះ ដើម្បីជួយឱ្យអាជីវកម្មទាំងនេះ អាចចូលរួមបម្រើដល់កំណើនសេដ្ឋកិច្ច បានកាន់តែល្អ។

លោក លាវ វ័យ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បានអោយដឹងថា មូលនិធិធានារ៉ាប់រងហិរញ្ញវត្ថុថ្នាក់ជាតិ ដែលបានបង្កើតឡើងនេះ គឺជាដំណរភ្ជាប់ដ៏សំខាន់មួយ សម្រាប់ធ្វើឱ្យប្រព័ន្ធគោលនយោបាយទាំងស្រុង កាន់តែឆ្ពោះទៅរកភាពល្អឥតខ្ចោះ ។ វាក៏ជាវិធានការដ៏សំខាន់មួយ សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

គេព្យាករណ៍ថា មូលនិធិនេះ នឹងអាចជួយផ្តល់ជំនួយផ្នែកថវិកាដល់សេវាផ្តល់ប្រាក់កម្ចី ក្នុងទំហំចំនួនប្រហែល ៧៣ពាន់លានដុល្លារអាមេរិក នៅអំឡុងពេល៣ឆ្នាំខាងមុខ ពោលគឺស្មើនឹង១ភាគ៣នៃសេវាធានារ៉ាប់រងហិរញ្ញវត្ថុថ្នាក់ជាតិ ដែលកំពុងមានស្រាប់។ មូលនិធិនេះ នឹងដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាហិរញ្ញវត្ថុរបស់អាជីវកម្មខ្នាតតូច និង វិស័យកសិកម្ម ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗដែលកំពុងរីកចម្រើនខ្លាំងផងដែរ ។

លោក វ៉ាង អិ ប្រធានមន្ទីរហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុចិន បានលើកឡើងថា ដោយដំណើរការតាមរយៈសេវាធានារ៉ាប់រងសារជាថ្មី និង ការវិនិយោគលើប្រាក់ទុនចុងគ្រា ប្រព័ន្ធធានារ៉ាប់រងហិរញ្ញវត្ថុ ដែលបង្កើតឡើងដោយរដ្ឋាភិបាលកណ្តាលនេះ ជួយគាំទ្រដល់រដ្ឋាភិបាលថ្នាក់តំបន់ លើការងារផ្តល់មូលនិធិធានារ៉ាប់រងហិរញ្ញវត្ថុ ដែលនឹងអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ព្រមទាំងនាំឱ្យមានការផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់សហគ្រាសខ្នាតតូចនិងមធ្យម ។

មូលនិធិធានារ៉ាប់រងហិរញ្ញវត្ថុជាតិ បានចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងារផ្តល់សេវាធានារ៉ាប់រងហិរញ្ញវត្ថុ និងភ្នាក់ងារផ្តល់សេវាធានារ៉ាប់រងហិរញ្ញវត្ថុសារជាថ្មី នៅថ្នាក់ខេត្ត ចំនួន៨ភ្នាក់ងារ និងធនាគារពាណិជ្ជចំនួន៧ រួមទាំងធនាគារសំណង់ចិនផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម