Connect with us

បើកវិញបាន២សប្ដាហ៍ សាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទសាជាថ្មី នៅថៃ

បាងកក៖ សាលារៀននានានៅក្រុងបាងកក បានចាប់ផ្ដើមបិទទ្វារសាជាថ្មី ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដាតទៅ បន្ទាប់ពីកុមារីម្នាក់ដែលស្នាក់នៅខុនដូមួយកន្លែង បានធ្វើតេស្តរកឃើញ វិជ្ជមានជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កុមារីខាងលើ ជាកូនស្រីរបស់មន្ត្រីការទូតមកពីប្រទេសស៊ូដង់ ដោយនាង បានធ្លាក់ខ្លួនឈឺ ខណៈក្រុមគ្រួសាររបស់នាង តម្រូវឱ្យធ្វើចត្តាឡឺស័ក ១៤ថ្ងៃ នៅក្រុងបាងកក។

រីឯនៅខេត្ត Rayong ប្រទេសថៃ កាលពីពេលថ្មីៗនេះ យោធាអេស្ស៊ីបម្នាក់ ក៏ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានជំងឺកូវីដ១៩ផងដែរ។ យោធារូបនេះ បានស្នាក់នៅជាមួយក្រុមរបស់ខ្លួន និងបានដើរកម្សាន្តនៅក្នុងផ្សារទំនើបមួយ នៅខេត្ត Rayong។

ដោយបារម្ភពីរលកទីពីរ សាលារៀនមួយចំនួន នៅទូទាំងប្រទេសថៃ បានប្រកាសបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តសិស្ស និងធ្វើការសម្អាតបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណសាលារៀននានា។ អភិបាលខេត្ត Rayong បានប្រកាសបិទសាលារៀនចំនួន ១២៧ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ Worldemeters, ថៃ រកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ៣២៣៦នាក់ និងស្លាប់ ៥៨នាក់។

សូមជម្រាបថា ថៃ បានបើកដំណើរការសាលារៀននៅទូទាំងប្រទេសឡើងវិញ កាលពីដើមខែកក្កដានេះ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម