Connect with us

កម្ពុជា បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន ០៥នាក់បន្ថែមទៀត ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានជូនដំណឹងពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន ០៥នាក់បន្ថែមទៀត ដែលមានជនជាតិខ្មែរ៣នាក់ (ស្រី១នាក់ និងប្រុស២នាក់) និងជនជាតិអាមេរិក ២នាក់។

ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ដែលរកឃើញលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាបុរសជាតិខ្មែរអាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ ៥ឆ្នាំ មានអាសយដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្ដាយនៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ជាមួយភរិយា និងកូនស្រីម្នាក់ (តែស្ត្រីទាំងពីរ មានលទ្ធផលលើកទី១នេះ អវិជ្ជមានកូវីដ១៩)។ ចំណែកស្ត្រី អាយុ ៦០ឆ្នាំ រស់នៅអាមេរិក ដែលមានអាសយដ្ឋាននៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ មានរោគសញ្ញាហៀរសំបោរ (ស្រដៀងផ្ដាសាយ) តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ សម្គាល់ អ្នកទាំងបី ធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃប៉ិ) មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ន ពួកគេកំពុងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ជើងហោះហើររបស់ពួកគេ មានអ្នកដំណើរសរុប ៧៧នាក់ ក្នុងនោះ មានជនជាតិចិន ៣៦នាក់ ជប៉ុន ១នាក់ និងអាមេរិក ១៩នាក់។ អ្នកដំណើរដែលអវិជ្ជមានកូវីដ១៩ ត្រូវស្ថិតនៅមណ្ឌលចត្តាឡីស័ក ០៨នាក់ ទ័ពអាកាសរាជធានីភ្នំពេញ និង ៦៦នាក់ នៅសណ្ឋាគារអូខេប៉ាឡេស រាជធានីភ្នំពេញ។

ចំពោះករណីកូវីដ១៩ថ្មី ២នាក់ទៀត គឺជាជនជាតិអាមេរិក ដែលលទ្ធផលតេស្តបានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ អ្នកទាំងពីរ ស្នាក់នៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក។ ពួកគេបានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរ នៅកូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី១៥ ខែកក្កដា។ ជើងហោះហើររបស់ពួកគេ មានអ្នកដំណើរសរុប ៩១នាក់ ក្នុងនោះ ជនជាតិកូរ៉េ ២៨នាក់ អាមេរិក ១៩នាក់ បារាំង ០១នាក់ វៀតណាម ០២នាក់ អូស្ត្រាលី ០៤នាក់ ឥណ្ឌូណេស៊ី ០១នាក់ នូវែលហ្សេឡង់ ០៣នាក់ ចិន ០៣នាក់ អូទ្រីស ១នាក់ អង់គ្លេស ៨នាក់ ហ្វាំងឡង់ ១នាក់ និងកាណាដា ១នាក់។ ពួកគេ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាសរាជធានីភ្នំពេញ ១០នាក់ និង សណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកងមួយ រាជធានីភ្នំពេញ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម