Connect with us

ត្បូងពេជ្រពណ៌ទាំង ៧ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក

សង្គម៖ ពេជ្រគឺជាគ្រឿងអលង្ការដែលមានតម្លៃបំផុតដែលមនុស្សជាច្រើនត្រូវការពាក់លម្អខ្លួន ជាពិសេសនៅពេលចូលរួមក្នុងកម្មវិធីណាមួយ។ ដូច្នេះ ថ្ងៃនេះ MyTV Plus នឹងនាំលោកអ្នកទៅស្គាល់ពេជ្រទាំង ៧ ប្រភេទដែលមានតម្លៃថ្លៃជាងគេលើពិភពលោក៖

១. Oppenheimer Blue៖ ពេជ្រដែលមានតម្លៃថ្លៃបំផុតលើពិភពលោកក្នុងចំណោមពេជ្រទាំង ៧។ ពេជ្រនេះ ត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃប្រមាណ ៥៨ លានដុល្លារ។ ឈ្មោះត្បូងពេជ្រមួយនេះត្រូវបានដាក់ឈ្មោះតាម អតីតម្ចាស់ត្បូងពេជ្រ Philip Oppenheimer ដែលជាសមាជិកគ្រួសារនៃចក្រភពគ្រឿងពេជ្រ De Beers Group។ ត្បូងមួយគ្រាប់នេះមានទម្ងន់ ១៤,៦២ ការ៉ាត់ និងត្រូវបានកំណត់ជាត្បូងពេជ្រពណ៌ខៀវដែលមានលក្ខណៈខុសប្លែកពីគេនៅអំឡុងពេលនោះផងដែរ។

២. Pink Star៖ ប្រភេទត្បូងមួយគ្រាប់នេះបានបំបែកឯកទគ្គកម្មលើត្បូងពេជ្រ Oppenheimer Blue ជាត្បូងពេជ្រដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកនៅពេលដែលវាត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុនលក់គ្រឿងអលង្ការហុងកុង Chow Tai Fook បានទិញត្បូងពេជ្រ Pink Star នេះក្នុងតម្លៃរហូតដល់ ៧១,២ លានដុល្លារ។

៣. Star of Josephine៖ ត្បូងពេជ្រមួយគ្រាប់នេះត្រូវបានជនជាតិហុងកុងផ្នែកអចលនទ្រព្យ Joseph Lau ចំណាយប្រាក់ ៩,៥ លានដុល្លារទិញក្នុងការដេញថ្លៃក្នុងឆ្នាំ ២០០៩។

៤. Zoe Diamond៖ ក្នុងឆ្នាំ ២០១៤ មហាសេដ្ឋី Lau បានចំណាយប្រាក់ ៣២ លានដុល្លារដើម្បីទិញត្បូងពេជ្រមួយគ្រាប់នេះ និងបានដាក់ឈ្មោះរបស់កូនស្រីលោក ដែលមានទម្ងន់ ៩,៧៥ ការ៉ាត់។

៥. Moussaieff Red Diamond៖ នេះគឺជាត្បូងពណ៌ក្រហមដែលធំជាងគេលើពិភពលោកជាមួយនឹងទម្ងន់ ៥,១១ ការ៉ាត់។ ពេជ្រដែលបានច្នៃចេញជារូបរាងយ៉ាងល្អឥតខ្ចោះនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសប្រេស៊ីលក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលជាផ្នែកមួយនៃពេជ្រទំហំ ១៣,៩ ការ៉ាត់ ត្រូវបានអ្នកលក់គ្រឿងអលង្ការជនជាតិអង់គ្លេស Shlomo Moussaieff ទិញក្នុងតម្លៃ ៧-៨ លានដុល្លារ។

៦. Hope Diamond៖ ត្បូងពេជ្រមួយគ្រាប់នេះ មិនមានម្ចាស់កម្មសិទ្ធិណាមួយឡើយ ហើយវាក៏ជាត្បូងដែលល្បីបំផុតលើពិភពលោកដែលមានទម្ងន់ ៤៥,៥២ ការ៉ាត់ និងមានតម្លៃប្រមាណ ២០០-៣៥០ លានដុល្លារ។

៧. Wittelsbach-Graff Diamond៖ Laurence Graff ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការអង់គ្លេស Graff បានទិញត្បូងពណ៌បៃតងដែលមានទម្ងន់ ៣១,០៦ ការ៉ាត់ក្នុងតម្លៃ ២៣,៤ លានដុល្លារ។ រហូតក្នុងឆ្នាំ ២០១១ ពេជ្រ Wittelsbach-Graff ត្រូវបានទិញដោយ Hamad Bin Khalifa ដែលជាអតីតស្តេចនៃប្រទេសកាតាក្នុងតម្លៃ ៨០ លានដុល្លារ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម