Connect with us

ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ សាងសង់បានជិត ៩០ភាគរយហើយ

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ (ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ) កំពុងដំណើរការសាងសង់បានជិត ៩០ភាគរយហើយ ដែលគ្រោងនឹងធ្វើការភ្ជាប់ត្រង់ផ្នែកកណ្ដាលនៅពេលខាងមុខនេះ។

លោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ ខែកក្កដាថា សំណង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ពេលនេះ សម្រេចបានសម្រេចបាន ៨៧% ហើយ។

លោកអភិបាលរងខេត្ត បានបន្តថា ស្ពាននេះ បានចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

បើតាមលោកអភិបាលរងខេត្ត ស្ពាននេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ មានកម្ពស់ពីផ្ទៃទឹក១៥ម៉ែត្រ ចំណាយថវិកាសរុបប្រមាណ៥៧លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយផលប៉ះពាល់នានា រួមនឹងការរាវរកមីនផងដែរ។

ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នៅត្រើយខាងលិចស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានផ្លូវតភ្ជាប់ពីក្បាលស្ពាន ត្រូវបានពង្រីកធំទូលាយក្រាលកៅស៊ូ និងមានរង្វង់មូលតភ្ជាប់ដោយផ្លូវខ្វាត់ខ្វែងទៀតផង។ អាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់បានចុះដោះស្រាយពីផលប៉ះពាល់នានានៅតាមដងផ្លូវ ជាមួយនឹងប្រជាពលរដ្ឋរួចរាល់ និងផ្លូវត្រូវពង្រីកឱ្យធំជាងមុន តភ្ជាប់មកផ្លូវលេខ៧១ រហូតដល់ស្រុកចំការលើ។

បើតាមលោកអភិបាលរងខេត្តកំពង់ចាម ស្ពាននេះ ជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការដឹកកសិផលនិងវិស័យផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាន់តែប្រសើរឡើង ជាពិសេសអ្នកដែលនៅខេត្តស្ទឹងត្រែង និងក្រចេះ អាចដឹកទំនិញឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិននេះ ជាផ្លូវកាត់ដែលមានលក្ខណៈអំណោយផលល្អ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ឬក៏តំបន់ផ្សេងៗទៀត។ ស្ពាននេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសៀង ហៃគ្រុប ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថា សមិទ្ធផលស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គកម្ពុជាចិននេះ គឺជាស្ពានទី២ បន្ទាប់ពីស្ពានគីហ្សុណា៕

ប្រភព៖ CNC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com