Connect with us

FIFA ដាក់ទណ្ឌកម្មកីឡាករវៀតណាម១១នាក់ មិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់

វៀតណាម៖ FIFA បានសម្រេចដាក់ទណ្ឌកម្មលើកីឡាករអាយុក្រោម២១ឆ្នាំនៅក្លិបមួយរបស់វៀតណាម ក៏ដូចជាកីឡាករជម្រើសជាតិវៀតណាម មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពកីឡាបាល់ទាត់ ចំនួន ០៥ឆ្នាំ ដោយសារតែពួកគេ ត្រូវបានរកឃើញថា មានជាប់ទាក់ទងនឹងការរៀបចំលទ្ធផលទុកជាមុន។ នេះបើយោងតាមសារព័ត៌មានវៀតណាម ចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដានេះ។

សេចក្ដីសម្រេចរបស់ FIFA នាពេលថ្មីៗនេះ បានឱ្យដឹងថា កីឡាករអាយុក្រោម ២១ឆ្នាំ របស់ក្លិប Dong Thap ចំនួន ១១នាក់ នឹងត្រូវជាប់បម្រាមមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា សមាជិកក្លិបខាងលើ បានរៀបចំលទ្ធផលទុកជាមុន ក្នុងការប្រកួតពានរង្វាន់ថ្នាក់ជាតិមួយ កាលពីខែមិថុនា ឆ្នាំ២០១៩។ ពួកគេ បានភ្នាល់លើលទ្ធផល ដែលបញ្ចប់នៅត្រឹម ២គ្រាប់ ឬតិចជាងនេះ ក្នុងទឹកប្រាក់ ៦៤៤៨ដុល្លារ។

កីឡាករ២នាក់ ក្នុងចំណោមកីឡាករអាយុក្រោម២១ឆ្នាំទាំង១១នាក់ ដែលរងពិន័យ គឺជាកីឡាករជម្រើសជាតិវៀតណាមអាយុក្រោម ១៩ឆ្នាំ ដែលបានចូលរួមក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship កាលពីឆ្នាំ២០១៩ផងដែរ។ កីឡាករទាំងពីរមានឈ្មោះ Tran Cong Minh និង Vo Minh Trong ៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម