Connect with us

កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

មានម៉ាក់ប៉ាខ្លះ ចាប់ផ្ដើមឲ្យកូនមានអាយុទើប ៤-៥ ខែ ញ៉ាំបបរខាប់គ្រប់គ្រឿង ព្រោះចង់ឲ្យកូនឆាប់ទទួលបានជីវជាតិគ្រប់គ្រាន់ មានសាច់មានឈាម និងសុខភាពល្អ។ តើម៉ាក់ប៉ាអាចឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿងទាំងមិនទាន់គ្រប់អាយុបែបនេះបានទេ?

ទារកអាយុត្រឹម ៤-៥ ខែ អាចឲ្យញ៉ាំបបរខាប់គ្រប់គ្រឿងបានទេ?
បញ្ហានេះ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ការដែលអាចឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿង នៅអាយុ ៤-៥ ខែ បាននោះ គឺនៅក្នុងករណីដែលខាងគ្រូពេទ្យពិនិត្យមើលទៅឃើញថា ទារកនោះមិនលូតលាស់តាមស្តង់ដារ ដែលអាចប្រឈមនឹងជំងឺកង្វះអាហារូបត្ថម្ភ។

បើឲ្យទារកមិនទាន់គ្រប់ ៦ ខែញ៉ាំបបរខាប់គ្រប់គ្រឿង តែកូនបែរជាទល់លាមក២-៣ថ្ងៃ បណ្ដាលមកពីអ្វី?
លោកបន្តថា “ក្នុងករណីដែលឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿងហើយ ប៉ុន្តែកូនបែរជាមិនជុះ មិនអីវិញ អាចជាសញ្ញាមួយទាក់ទងនឹងបញ្ហាក្ដៀនវិញ។ បើកូនមានបញ្ហានេះ គឺម៉ាក់ប៉ាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យរកមូលហេតុនៃការក្ដៀនរបស់កូន”។

វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបន្ថែមថា ប្រសិនបើទារកជួបបញ្ហាទល់លាមកបណ្ដាលមកពីអាហារ គឺត្រូវការសម្រួលបបរខាប់គ្រប់គ្រឿងដោយមានបន្ថែមជាតិសរសៃ ឬបន្លែបន្ថែមច្រើន ឬមួយក៏ត្រូវដកបន្លែណាមួយដែលបណ្ដាលឲ្យទល់លាមក (ឧទាហរណ៍៖ ការ៉ុតងាយធ្វើឲ្យក្ដៀន) គឺត្រូវដកចេញទៅតាមនោះ។

ប្រសិនបើទារកមានបញ្ហាទល់លាមក ត្រូវយកកូនទៅពិនិត្យជាមួយពេទ្យដើម្បីស្វែងរកកត្តាបង្កច្បាស់លាស់ថា តើទារកមានបញ្ហាទល់លាមកដោយសារតែអាហារ ឬក៏ទល់លាមកបណ្ដាលមកពីបញ្ហាអ្វីផ្សេង៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com