Connect with us

កម្ពុជា ត្រូវបានជ្រើសរើសជាទីជម្រកដ៏សុខសាន្តសម្រាប់ដំរីកម្សត់១ក្បាល មកពីប៉ាគីស្ថាន

ប៉ាគីស្ថាន៖ តុលាការប៉ាគីស្ថាន បានសម្រេចកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងការដោះលែងសត្វដំរីដ៏កម្សត់មួយក្បាល ពីសួនសត្វមួយនៅទីក្រុងអ៊ីស្លាម៉ាបាត ដើម្បីទទួលបានទីជម្រកដ៏សុខសាន្តថ្មីមួយ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា។

ការសម្រេចនេះ មានន័យថា ដំរីដែលមានឈ្មោះថា Kaavan មកពីប្រទេសប៉ាគីស្ថាន នឹងត្រូវបញ្ជូនមករស់នៅក្នុងឧទ្យានកម្ពុជា ជាមួយសត្វដំរីដទៃទៀតជាង ៨០ក្បាល ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់របស់អ្នកជំនាញ។

មនុស្សជាច្រើននៅជុំវិញពិភពលោក បានសាទរចំពោះការដោះលែង ដំរីឈ្មោល ឈ្មោះ Kaavan បន្ទាប់ពីវា ត្រូវបានបុគ្គលិកមើលការខុសត្រូវសត្វដំរី ក្នុងសួនសត្វអ៊ីស្លាម៉ាបាត ដាក់ច្រវាក់ និងទុកវាឱ្យនៅឯកោ នៅក្នុងទីកន្លែងដែលមិនមានលក្ខណៈត្រឹមត្រូវ អំឡុងរដូវក្ដៅ។ ក្នុងនោះ អ្នកចម្រៀងដ៏ល្បីឈ្មោះ Cher ក៏បានដឹកនាំការធ្វើញត្តិ ដោយមានហត្ថលេខារបស់មនុស្សជាង ៤សែននាក់ ដើម្បីឱ្យមានការដោះលែង Kaavan ។

Kaavan ត្រូវបានរាយការណ៍ថា មានបញ្ហាសតិ បន្ទាប់ពីដំរីដៃគូរបស់វាមួយក្បាល ឈ្មោះ Saheli បានងាប់ កាលពីឆ្នាំ២០១២។

សូមជម្រាបថា កាលពីចុងខែឧសភាកន្លងទៅ តុលាការកំពូលប៉ាគីស្ថាន បានបញ្ជាឱ្យដោះលែង ដំរី ឈ្មោះ Kaavan និងស្នើឱ្យមានការស្វែងរកទីជម្រកដ៏សក្តិសមមួយសម្រាប់វា។ ក្រោយការពិភាក្សារួចមក ក្រុមអ្នកជំនាញបានណែនាំឱ្យនាំ Kaavan មកកាន់ប្រទេសកម្ពុជា ដើម្បីរស់នៅក្នុងទីជម្រកថ្មីជាមួយដំរីដទៃទៀត ដែលមានផ្ទៃក្រឡា១០១គីឡូម៉ែត្រក្រឡា។

រំឭកប្រវត្តិរបស់ Kaavan វាត្រូវបានគេបញ្ជូនទៅប្រទេសប៉ាគីស្ថាន មកពីប្រទេសស្រីលង្កា ពេលវានៅតូចកាលពីឆ្នាំ១៩៨៥។ នៅឆ្នាំ២០០២ អ្នកមើលថែសួនសត្វ បានដាក់វាឃុំឃាំងដោយចងច្រវាក់ ក្រោមហេតុផលថា Kaavan ជាដំរីកាច។ ១ឆ្នាំក្រោយមក វាត្រូវបានរាយការណ៍ថា ត្រូវបានដោះលែង ប៉ុន្តែអ្នកថែសួនសត្វ នៅតែធ្វើទង្វើដដែលលើ Kaavan៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម