Connect with us

សភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានគយ បើកកិច្ចប្រជុំពិសេស ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី២១ ខែកក្កដានេះ បានបើកកិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន។

កិច្ចប្រជុំពិសេសនេះ ប្រព្រឹត្តទៅក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន និងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសរដ្ឋាភិបាល នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដោយមានការចូលរួមពីសហប្រធានក្រុមការងារបច្ចេកទេសតាមវិស័យនីមួយៗ ពីផ្នែកឯកជន និងផ្នែករដ្ឋាភិបាល និងមានវត្តមានមន្ត្រីគយ និងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាសំខាន់ៗជាច្រើនរូបផងដែរ។

លោកបណ្ឌិតប្រតិភូ បានលើកឡើងនូវសមិទ្ធិផលការងារនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលកន្លងមក ជាពិសេសតាមរយៈការរៀបចំកិច្ចប្រជុំយន្តការ និងកិច្ចប្រជុំក្រុមការងារជំនាញជាបន្តបន្ទាប់ ដែលបានដោះស្រាយនូវបញ្ហាជាច្រើន ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ។

ជាការឆ្លើយតប អ្នកឧកញ៉ា បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាវេទិកាសន្ទនា ក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក និងគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានដាក់ចេញនូវវិធានជាច្រើន ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវិដ-១៩។

គោលបំណងនៃកិច្ចប្រជុំពិសេសនេះ គឺដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់វិស័យឯកជន ពាក់ព័ន្ធនឹងប្រតិបត្តិការនាំចេញ-នាំចូល ក្នុងកំឡុងពេលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ និងការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរួមគ្នាធ្វើយ៉ាងណា សុំការសម្របសម្រួលពាណិជ្ជកម្ម និងបកស្រាយបំភ្លឺបញ្ជាក់នានាដែលវិស័យឯកជនកំពុងធ្វើអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បញ្ហាដែលទទួលបានពីវិស័យឯកជន ដាក់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមមានចំនួន ៨ចំណុច ដូចជា៖ (១).ការពង្រឹងការអនុវត្តកម្រៃសេវាផ្លូវការគយ របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (២).ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរនិងវិស័យកសិកម្ម (៣).ការពង្រឹងប្រសិទ្ធភាពនៃការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ (៤).ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការកែលម្អនីតិវិធី e-Payment (៥).ការលើកកម្ពស់ការយល់ដឹងនិងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុនលើការងារចំណាត់ថ្នាក់ទំនិញ (៦).ការជំរុញការអនុវត្តយន្តការលើកទឹកចិត្តវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs Customs Incentives) (៧).ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុតដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ (Best Trading Company), និង (៨). ការធ្វើសាមញ្ញកម្ម និងទំនើបកម្មនីតិវិធីគយ។

បន្ទាប់ពីបានធ្វើការពិភាក្សាលើចំណុចសំណូមពរខាងលើ អង្គប្រជុំពិសេសនេះ បានឯកភាពគ្នាឱ្យក្រុមការងារជំនាញនីមួយៗ បន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ហើយក៏បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំលើកទី៨នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលវេលាសមស្របខាងមុខ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណលោកបណ្ឌិតប្រតិភូ និងថ្លែងអំណរគុណដល់សហប្រធានក្រុមការងារបច្ចេកទេសវិស័យគយ និងមន្ត្រីគយ សមាជិកសមាជិកាសភាពាណិជ្ជកម្មដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល។ អ្នកឧកញ៉ា សង្ឃឹមថា នឹងមានការជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្របសម្រួលពាណិជ្ជកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបរបស់ លោកបណ្ឌិតប្រតិភូ ក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជនដែលតែងតែផ្តល់ធាតុចូល ក៏ដូចជាការផ្តល់ព័ត៌មាននានា ដែលវិស័យឯកជនកំពុងជួបប្រទះ ប្រឈម និងសំណូមពរនានា ដល់ អគរ ហើយ អគរ រងចាំសហការធ្វើការពិភាក្សារកដំណោះស្រាយជូនដល់វិស័យឯកជន ដែលនឹងលើកឡើងនៅពេលខាងមុខបន្តបន្ទាប់ទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម