Connect with us

ក្រសួងការងារថៃ នឹងអនុញ្ញាតឱ្យនាំពលករជាង ៤ម៉ឺននាក់ ត្រឡប់ចូលបម្រើការងារវិញ

ថៃ៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៃប្រទេសថៃ បានឯកភាពឱ្យពលករ អ្នកជំនួញ អ្នកជំនាញ មន្ត្រីការទូត អ្នករៀបចំពិព័រណ៍ ក្រុមការងារផលិតភាពយន្ត និងអ្នកទេសចរស្វែងរកសេវាព្យាបាលជំងឺ ត្រឡប់ចូលទៅកាន់ប្រទេសថៃវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោក Taweesilp Visanuyothin បានថ្លែងនៅថ្ងៃពុធនេះថា គណៈកម្មការបានឯកភាពជាគោលការណ៍ និងស្នើឱ្យក្រសួងពាក់ព័ន្ធ ធ្វើការងារលម្អិត មុននឹងចាប់ផ្ដើមបើកឱ្យពួកគេចូល។

បាងកកប៉ុស្តិ៍បានឱ្យដឹងថា ក្រសួងការងារថៃ នឹងបង្ហាញសេចក្ដីលម្អិត ទាក់ទងនឹងការវិលត្រឡប់របស់ពលករបរទេសគ្មានជំនាញ មកពី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្ម នៅក្នុងប្រទេសថៃ ដែលកំពុងត្រូវការប្រមាណ ៤២១៦៨នាក់បន្ថែមទៀត។ ពលករទាំងនេះ គឺមិនទាន់មានបណ្ណការងារ ឬក៏ទិដ្ឋាការនោះឡើយ។ ពួកគេ នឹងត្រូវជួលឱ្យបម្រើការនៅក្នុងវិស័យសំណង់ និងឧស្សាហកម្មចំណីអាហារ។

អ្នកនាំពាក្យដដែលបន្តថា ពលករបរទេសទាំងអស់ នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងធ្វើចត្តាឡីស័កដែលរៀបចំនៅក្នុងបរិវេណរបស់រោងចក្រ សហគ្រាសដែលពួកគេនឹងចូលធ្វើការផ្ទាល់។ លោកបន្ថែមទីកន្លែងធ្វើចត្តាឡីស័ក ត្រូវតែឆ្លើយតបនឹងស្ដង់ដារគ្រប់គ្រងការចម្លងរាតត្បាត ហើយម្ចាស់រោងចក្រសហគ្រាស ត្រូវធានាថា ពលករមិនលួចចេញក្រៅកន្លែងធ្វើចត្តាឡីស័កឡើយ។

លោក Taweesilp ថា ការធ្វើដូច្នេះ អាចកាត់បន្ថយចំណាយរបស់ម្ចាស់រោងចក្រសហគ្រាស ដែលត្រូវចំណាយជិត២ម៉ឺនបាតសម្រាប់ពលករបរទេសម្នាក់ ធ្វើចត្តាឡីស័ក នៅមណ្ឌលដែលរៀបចំដោយរដ្ឋ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម