Connect with us

ក្រុមគ្រូពេទ្យភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលបានការហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៍ ពីក្រុមគ្រូពេទ្យនៃមូលនិធិភ្នែកហាវ៉ៃ មកពីសហរដ្ឋអាមេរិក

នេះគឺជាលើកទី១ហើយ ដែលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមួយនឹងមូលនិធិភ្នែកហាវ៉ៃ មកពីសហរដ្ឋអាមេរិក បានសហការគ្នា ដើម្បីធ្វើការហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៍ ដល់វេជ្ជបណ្ឌិតឯកទេសភ្នែក នៃមិត្តភាពខ្មែរ-សូវៀត។ ក្រៅពីនោះ វេជ្ជបណ្ឌិតភាគីទាំងពីរ ក៏នឹងរួមគ្នាធ្វើការពិនិត្យ និងព្យាបាលគ្រប់ជំងឺភ្នែក ជូនដល់ប្រជាពលរដ្ឋកម្ពុជា រយៈពេល៥ថ្ងៃផងដែរ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ។


លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យមួយ សម្រាប់ក្រុមគ្រូពេទ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ចន ខរប៉យ ស្ថាបនិកនិងជាប្រធានមូលនិធិភ្នែកហាវ៉ៃ បានគូសបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាល្អ និងមានសុខសន្តិភាព ទើបលោកសម្រេចមកជួយដល់កម្ពុជា។ លោកបានសន្យាដែរថា នឹងជួយដល់កម្ពុជាបន្ថែមទៀត តាមរយៈការពិនិត្យមើល លទ្ធភាព ក្នុងការផ្តល់នូវអាហាររូបករណ៍ ដល់និស្សិតពេទ្យភ្នែកកម្ពុជា ទៅសិក្សារយៈពេលខ្លី នៅសហរដ្ឋអាមេរិក។
សូមជម្រាបដែរថា មូលនិធិភ្នែកហាវ៉ៃ បានបង្កើតឡើង ប្រមាណ៤០ឆ្នាំមកហើយ ដោយបានធ្វើបេសកកម្ម ជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន តាមរយៈការបង្កើតឲ្យមានការបណ្តុះបណ្តាល និងការប្រជុំ ពាក់ព័ន្ធនឹងបញ្ហាភ្នែក ហើយសម្រាប់ពេលចុងក្រោយនេះ លោកបានដឹកនាំក្រុមវេជ្ជបណ្ឌិតផ្នែកភ្នែក មកជួយដល់មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម