Connect with us

មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាមនោះទេ ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

យើងដឹងហើយថា មូសខ្លាញីគឺជាភ្នាក់ងារចម្លងគ្រុនឈាមយ៉ាងសកម្ម ដែលនាំឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើយឺតយ៉ាវក្នុងការព្យាបាល។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឱ្យដឹងថា ក្រៅពីបង្កជំងឺគ្រុនឈាម មូសខ្លាញីនៅបង្កជំងឺ ៣ មុខទៀត។

១- ជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា

រោគសញ្ញានៃជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា បណ្ដាលមកពីវីរុស Chikungunya។ ជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជាជំងឺគ្រុនឈាមនោះទេ គ្រាន់តែមានអាការៈក្ដៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលដូចជាជំងឺស្អូច ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ជាពិសេសមនុស្សពេញវ័យ ឬមនុស្សវ័យចំណាស់ដែលអាចមានអាការៈឈឺយូរ។ ចំពោះកុមារមានអាការៈទន់ដៃទន់ជើងដើរមិនរួចតែម្តង ដោយសារតែការឈឺសាច់ដុំខ្លាំង ឈឺសន្លាក់ និងហើមដៃជើង។

ប៉ុន្តែជំងឺនេះមិនបណ្ដាលឱ្យមនុស្សស្លាប់ទេ ហើយវាកើតឡើងចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬសុខភាពទ្រុឌទ្រោមដូចជាផ្ទុកជំងឺរបេង ជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ឬអ្នកផឹកស្រាច្រើន។ ជំងឺគ្រុនឈីកកើតឡើងលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែង ហើយជំងឺនេះអាចព្យាបាលជាសះស្បើយ តែបើអ្នកធ្លាប់កើតម្ដងរួចហើយ មិនកើតទៀតឡើយ។

២- ជំងឺហ្ស៊ីកា (Zika)

ជំងឺនេះបង្កឡើងដោយសារមេរោគហ្ស៊ីកា កើតឡើងតាមរយៈសត្វមូសខ្លាញីខាំ។ ជាទូទៅអ្នកកើតជំងឺនេះភាគច្រើនជាសះស្បើយពីរោគសញ្ញាដោយខ្លួនឯង ក្នុងរយៈពេល ១ សប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺឧស្សាហ៍ជួបប្រទះជាងគេមានដូចជា ក្ដៅខ្លួន កន្ទួលរមាស់លើស្បែក ឈឺសន្លាក់ ឈឺក្បាល ឡើងក្រហមភ្នែក។ ក្រៅពីឆ្លងតាមរយៈមូសខ្លាញីខាំ ការបញ្ចូលឈាម និងការរួមភេទ ក៏អាចចម្លងបន្តបានដែរ។

ជំងឺបង្កដោយមេរោគហ្ស៊ីកានេះគ្រោះថ្នាក់ខ្លាំងណាស់ បើឆ្លងទៅលើ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ជាពិសេសទារកក្នុងផ្ទៃមានផ្ទុកមេរោគនេះ ច្រើនតែកើតមកមិនពេញលក្ខណៈដូចជា៖

– ភ្នែកកើតមកខុសប្រក្រតី
– ថ្លង់
– វិបត្តិអំឡុងពេលកំពុងលូតលាស់ក្នុងផ្ទៃ
– ខួរក្បាលតូច
– ខួរក្បាលខុសប្រក្រតី។

ចំពោះស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺនេះ អាចនឹងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដូចជា រលូតកូន កូនស្លា ប់ក្នុងផ្ទៃ និងសម្រាលមុនកំណត់ជាដើម។

៣- គ្រុនលឿង

គ្រុនលឿង ជាជំងឺបង្កឡើងដោយវីរុសចម្លងតាមរយៈមូសខ្លាញីខាំ នៅពេលចម្លងមកមនុស្ស ជំងឺគ្រុនលឿង អាចធ្វើឲ្យថ្លើមខូច និងប៉ះពាល់ដល់សរីរាង្គដទៃទៀតអាចបង្កឲ្យស្លាប់បាត់បង់ជីវិតបាន។ ចំពោះរោគសញ្ញាវិញឡើងលឿង បណ្ដាលមកពីការខូចខាតទៅលើថ្លើម និងរលាកថ្លើម។ ប៉ុន្តែសម្រាប់គ្នាយើងខ្លះមានជំងឺនេះ មិនលេចឡើងនូវរោគសញ្ញាអ្វីភ្លាមៗទេ ខណៈ ៦ថ្ងៃ បន្ទាប់ពីមូសខាំ ទើបចាប់ផ្ដើមមានរោគសញ្ញា ហើយនៅដំណាក់កាលដំបូង អាចមានសញ្ញាមួយចំនួនដូចជា៖
– ឡើងកម្ដៅ
– ឈឺក្បាល
– ឈឺសាច់ដុំ នៅម្ដុំខ្នង និងជង្គង់
– ចាញ់ពន្លឺ
– ក្អួត ឬចង្អោរ
– ធុំអាហារ
– វិលមុខ
– ភ្នែក មុខ និងអណ្ដាត ឡើងក្រហម។

ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិតឯកទេសទូទៅរូបនេះបញ្ជាក់ថា ក្នុងចំណោមជំងឺទាំង ៤ មានតែ ២ ប៉ុណ្ណោះដែលបានកើតឡើងលើប្រជាជនកម្ពុជាញឹកញាប់គឺគ្រុនឈាម បន្ទាប់មកជំងឺគ្រុនឈីក៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com