Connect with us

វិភាគ៖ សង្គ្រាមដណ្ដើមកៅអី Champions League និង Europa League នៅសប្ដាហ៍បិទរដូវកាល EPL

Premier League៖ Liverpool និង Manchester City បានកក់កៅអីចំនួន ២ រួចជាស្រេច សម្រាប់ពានរង្វាន់ Champions League រដូវកាល២០២០-២១ ដោយបន្សល់ទុកកៅអីចំនួន ២ទៀត សម្រាប់ឱ្យក្រុមលេខ៣ ដល់លេខ៥ ពោលគឺ Manchester United, Chelsea និង Leicester ធ្វើការដណ្ដើមគ្នា នៅក្នុងសប្ដាហ៍ទី៣៨ដែលជាថ្ងៃបិទរដូវកាល២០១៩-២០។

ក្រឡេងមកមើលការប្រកួតរបស់ក្រុមទាំងបី នៅសប្ដាហ៍ចុងក្រោយ៖

-Leicester ប៉ះ Manchester United

-Chelsea ប៉ះ Wolves

ពិន្ទុ៖

លេខ៣- Manchester United (៦៣ពិន្ទុ, ចំណេញ២៨គ្រាប់)
លេខ៤- Chelsea (៦៣ពិន្ទុ, ចំណេញ១៣គ្រាប់)
លេខ៥- Leicester (៦២ពិន្ទុ, ចំណេញ២៨គ្រាប់)
លេខ៦- Wolves (៥៩ពិន្ទុ, ចំណេញ១៣គ្រាប់)
លេខ៧- Tottenham Hotspur (៥៨ពិន្ទុ, ចំណេញ១៤គ្រាប់)

កៅអី Champions League (លេខ ៣និង៤)៖

Manchester United ដែលកំពុងឈរលេខ៣ នឹងធានាចំណាត់ថ្នាក់កំពូលទាំង៤ ប្រសិនបើពួកគេ ស្មើ ឬឈ្នះ Leicester ដែលឈរលេខ៥ នៅថ្ងៃអាទិត្យខាងមុខនេះ។ តែបើ Man Utd ចាញ់, Chelsea ក៏ត្រូវចាញ់ Wolves ដូចគ្នា។

ចំណែក Chelsea ដែលឈរលេខ៤ និងមាន១ពិន្ទុលើស Leicester ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះ នៅពេលប៉ះក្រុម Wolves ដើម្បីកក់កៅអី Champions League រដូវកាលក្រោយ បើ Leicester ស្មើ ឬចាញ់ Man Utd ។

រីឯ Leicester ដែលឈរលេខ៥ ក៏មានសង្ឃឹមដូចគ្នាក្នុងការដណ្ដើមយកកៅអី Champions League មួយមកក្នុងដៃ ប្រសិនបើពួកគេ អាចយកឈ្នះលើ Manchester United នៅក្នុងការប្រកួតនាថ្ងៃអាទិត្យ។ យ៉ាងណាមិញ បើក្រុមទាំងពីរ ប្រកួតស្មើគ្នា ហើយ Chelsea ចាញ់ Wolves នោះ Leicester នឹងដឹកដៃ Man Utd ឡើងទៅលេង Champions League ជាមួយគ្នា ដោយសារ Chelsea ចាញ់ Leicester លើគ្រាប់បាល់ចំណេញ។

កៅអី Europa League (លេខ៦)៖

ទន្ទឹមនេះ Wolves នឹងធានាទៅវគ្គជម្រុះ Europa League នៅរដូវកាលក្រោយ បើពួកគេ យកឈ្នះនៅទឹកដីរបស់ Chelsea ។ Wolves ក៏នឹងមិនបន្ធូរដៃឱ្យ Chelsea នោះដែរ ព្រោះបើពួកគេប្រកួតស្មើ ឬចាញ់ Chelsea ពួកគេអាចនឹងបាត់បង់កៅអីលេខ៦ ទៅឱ្យក្រុម Totenham Hotspur ដែលចាញ់ក្រុមចចកតែ ១ពិន្ទុប៉ុណ្ណោះ។

ចំពោះក្រុម Tottenham Hotspur ពួកគេត្រូវតែស្មើ ឬឈ្នះនៅទឹកដី Crystal Palace នៅសប្ដាហ៍ចុងក្រោយ (Spurs មានគ្រាប់ចំណេញច្រើនជាង Wolves) បើ Wolves ចាញ់ ឬស្មើនៅទឹកដី Chelsea ។

សូមជម្រាបថា សម្រាប់ក្របខណ្ឌ EPL ក្រុមលេខ១ដល់លេខ៤ ទទួលបានកៅអី Champions League ដោយស្វ័យប្រវត្តិ។ ក្រុមលេខ៥ ទទួលបានកៅអី Europa League ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៦ ត្រូវប្រកួតជម្រុះ យកកៅអី Europa League ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម