Connect with us

ល្ងខ្មៅល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ

ល្ងខ្មៅមានសារធាតុចិញ្ចឹមច្រើនដែលមានប្រយោជន៍ចំពោះសុខភាព។ សារធាតុចិញ្ចឹមទាំងនោះរួមមានកាល់ស្យូម ជាតិសរសៃ ម៉ាញ៉េស្យូម ជាតិខ្លាញ់ល្អ និងជាតិដែកជាដើម។ ហេតុនេះហើយការញ៉ាំល្ងខ្មៅអាចជួយដល់រាងកាយច្រើន។

១. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីតកម្មមានតួនាទីសំខាន់ក្នុងការបង្ការ ឬពន្យឺតការខូចខាតកោសិកាផ្សេងៗក្នុងរាងកាយ ជាពិសេសការខូចខាតបង្កដោយ oxidative stress (ជាបញ្ហាអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន) ។ ការកើតមាន oxidative stress រយៈពេលយូរអាចបង្កឱ្យមានការវិវឌ្ឍជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។

២. សុខភាពឆ្អឹង

ជាតិកាល់ស្យូមក្នុងល្ងខ្មៅគឺជាជាតិរ៉ែសំខាន់សម្រាប់សុខភាពឆ្អឹង ហើយល្ងខ្មៅក៏មានជាតិរ៉ែផ្សេងទៀតដែលជួយឱ្យឆ្អឹងរឹងមាំ ដូចជាម៉ាញ៉េស្យូម ផូស្វ័រ ស្ពាន់ ជាតិដែក និងស័ង្កសី។ ការទទួលបានជាតិម៉ាញ៉េស្យូមគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងនៅលើស្ត្រីក្រោយអស់រដូវ។ រីឯការខ្វះផូស្វ័រក្នុងរាងកាយអាចបង្កឱ្យមានការបាត់បង់កាល់ស្យូមក្នុងឆ្អឹង និងបង្កឱ្យមានជំងឺឆ្អឹងធ្ងន់ធ្ងរ។ ចំណែកឯជាតិស្ពាន់ ជាតិដែក និងស័ង្កសីក្នុងល្ងខ្មៅពាក់ព័ន្ធនឹងការផលិតខូឡាជែនដែលជួយដល់រចនាសម្ព័ន្ធរបស់ឆ្អឹង។

៣. រក្សាលំនឹងសម្ពាធឈាម

ល្ងខ្មៅសម្បូរដោយម៉ាញ៉េស្យូមដែលអាចបង្ការជំងឺលើសសម្ពាធឈាម។ ចំណែកឯជាតិខ្លាញ់ (polyunsaturated fats) និងសារធាតុ sesamin មានក្នុងប្រេងល្ងក៏ជួយក្នុងការរក្សាលំនឹងសម្ពាធឈាមដែរ។

៤. ប្រព័ន្ធរំលាយអាហារ

ជាតិសរសៃ គឺជាផ្នែកមួយនៃអាហារដែលរាងកាយមិនអាចរំលាយ ឬស្រូបយកបាន ហើយជាតិសរសៃជួយដល់ការរំលាយអាហារ និងបន្ទន់លាមកដែលនេះជួយបង្ការការទល់លាមក។ ដោយជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការប្រក្រតី ជាតិសរសៃក្នុងល្ងខ្មៅអាចបន្ថយអាការៈបង្កដោយជំងឺរលាកពោះវៀន ជំងឺឫសដូងបាត និងជំងឺពោះវៀនផ្សេងទៀត។ បន្ថែមពីនេះទៀត ជាតិសរសៃត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ។

៥. គេងលក់ស្រួល

កង្វះជាតិម៉ាញ៉េស្យូម អាចបង្កឱ្យមានជំងឺគេងមិនលក់ និងតែងភ្ញាក់ពេលយប់។ ការរក្សាកម្រិតជាតិម៉ាញ៉េស្យូម អាចផ្តល់ប្រយោជន៍ដល់ការឆ្លើយតបទៅនឹងស្ត្រេស និងអ័រម៉ូនដែលជួយដល់ដំណេក។ មូលហេតុដែលជាតិម៉ាញ៉េស្យូម មានឥទ្ធិពលដល់ការគេងយប់អាចមកពីម៉ាញ៉េស្យូមជួយរក្សា GABA (gamma-aminobutyric acid) ក្នុងរាងកាយ។ GABA គឺជា neurotransmitter ដែលបង្កើតអារម្មណ៍ស្ងប់ និងរក្សាវដ្ដដំណេក៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com