Connect with us

ភូមិលើសពី១០០ នៅខេត្តចំនួន១៤ នឹងមានអគ្គិសនីប្រើប្រាស់ ក្រោមគម្រោងតម្លៃ៨២លានដុល្លារ

ភ្នំពេញ៖ ដើម្បីប្រជាពលរដ្ឋទទួលបានអគ្គិសនីប្រើប្រាស់នៅទីដាច់ស្រយាល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល មានគម្រោងកសាងបណ្ដាញបញ្ជូនរង ដែលគ្របដណ្ដប់លើភូមិចំនួន ១៣៣ នៅក្នុងខេត្តចំនួន ១៤ ស្មើនឹងប្រវែង ២៩៧០គីឡូម៉ែត្រ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាលើការងារក្នុងក្របខណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ក្រោមអធិបតីភាពលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

គម្រោងកសាងបណ្ដាញបញ្ជូនរងអគ្គិសនីដែលមានតម្លៃ៨២លានដុល្លារជាឥណទានរបស់រដ្ឋាភិបាលចិននេះ នឹងពង្រីកបណ្តាញអគ្គិសនីភាវរូបនីយកម្មជនបទជំហាន៧ ដែលគម្រោងនេះ នឹងសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុល និង ៣៥ គីឡូវ៉ុល មានប្រវែង សរុបប្រមាណ ២៩៧០គីឡូម៉ែត្រ គ្របដណ្តប់ដល់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន ១៤ រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តកំពត ព្រមទាំងដំឡើងត្រង់ស្វ័រម៉ាទ័រគ្រប់ប្រភេទ។

កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខា អំឡុងដំណើរទស្សនាកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ក្រុងប៉េកាំង ដើម្បីជាអធីបតីភាពក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន នៅខែសីហាខាងមុខ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com