Connect with us

និស្សិតកសិកម្មម្នាក់ មិនទុកពេលទំនេរចោល បង្កើតរបរមួយប្រកបដោយជោគជ័យ អំឡុងវិបត្តិកូវីដ១៩

កំពង់ចាម៖ កញ្ញា កន សុខណុច ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដោយថ្មីៗនេះ ដោយសារតែសាលារៀន ត្រូវបានផ្អាកដំណើរការ ដោយសារតែវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា ឆ្លៀងក្នុងពេលទំនេរពីការសិក្សា កញ្ញាមិនបានទុកពេលវេលាអត់ប្រយោជន៍នោះទេ ដោយកញ្ញា បានបង្កើតមុខរបរការចិញ្ចឹម និងបង្កាត់ភ្ញាស់កង្កែប ដែលទទួលបានភាពជោគជ័យ។

ការប្រើប្រាស់ពេលទំនេរដើម្បីបង្កើតមុខរបរ ក៏ដូចជាអនុវត្តនូវមេរៀនដែលខ្លួនបានសិក្សានៅសាលារៀន របស់និស្សិត កន សុខណុច ត្រូវបានទទួលការកោតសរសើរពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហោះសារដូច្នេះថា៖ “ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កញ្ញា កន សុខណុច ដែលជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ជំនាញវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម”។

លោករដ្ឋមន្ត្រី បានជូនពរនិស្សិត កន សុខណុច នៅពេលដ៏ខ្លីខាងមុខ នឹងអាចធ្វើឱ្យការចិញ្ចឹម និងបង្កាត់ភ្ញាស់កង្កែបរបស់កញ្ញា ក្លាយជាទៅកសិដ្ឋានមួយ ដែលអាចចែកចាយកូនកង្កែប និងចំណេះដឹងជូនដល់កសិករយកទៅចិញ្ចឹម ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងរដ្ឋទាំងឯកជន បើកដំណើរការទទួលសិស្សនិស្សិតចូលរៀនឡើងវិញនៅឡើយ គិតមកទល់ចុងខែកក្កដានេះ។ យ៉ាងណាមិញ ក្រសួងក៏បានសម្រេចអនុញ្ញាតឱ្យសាលារៀនឯកជនដែលមានស្ដង់ដារខ្ពស់មួយចំនួន អាចបើកដំណើរការក្នុងដំណាក់កាលទី១ នៅអំឡុងខែសីហាខាងមុខ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម