Connect with us

ដោយសារតម្លៃដីធ្លី កើនឡើង រាជរដ្ឋាភិបាល ចង់តម្លើងពន្ធផ្ទេរកម្មសិទ្ធិ ខណៈដែលអ្នកជំនាញផ្នែកអចលវត្ថុ ក៏គាំទ្រ ប៉ុន្តែគួរធ្វើឡើងនៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត

ភ្នំពេញ ៖ អ្នកជំនាញផ្នែកវាយតម្លៃអចលនវត្ថុកម្ពុជា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ដែលជំរុញឲ្យក្រសួងសេដ្ឋកិច្ច និង អង្គភាពពន្ធដារ ពិនិត្យលិទ្ធភាពសិក្សាពីការដំឡើងពន្ធ លើពន្ធផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ (ពន្ធប្រថាប់ត្រា) ខណៈដែលតម្លៃដីធ្លី និង លំនៅដ្ឋាន នាពេលបច្ចុប្បន្ន មានតម្លៃកើនឡើងកាន់តែខ្ពស់។


លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញពីការគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហេតុផលថា តម្លៃដីធ្លី និងលំនៅដ្ឋាន ពិតជាមានតម្លៃកើនឡើង ខុសពីមុនពិតប្រាកដមែន ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ស្នើឲ្យរាជរដ្ឋាភិបាល គួរធ្វើការសិក្សាអំពីស្ថានភាពតម្លៃដីធ្លីឲ្យបានល្អិតល្អន់ ស្របទៅតាមប្រភេទដី ក៏ដូចជាតំបន់នីមួយៗ ដើម្បីចៀសវាង ការកំណត់តម្លៃមិនត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែងនៃតម្លៃអចលនទ្រព្យនោះ ។ ជាងនេះទៅទៀត ការដំឡើងអត្រាពន្ធប្រថាប់ត្រានេះ គួរតែត្រូវធ្វើក្នុងរយៈពេលពីរទៅបីឆ្នាំទៀត ទើបជាការល្អប្រសើរ ព្រោះថា វានឹងមិនធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សាធារណៈជន ។ 
ដោយឡែក លោក Tom O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ក៏បានគាំទ្រចំពោះគម្រោងដំឡើងអត្រាពន្ធផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះដែរ ដោយលោកគិតថា វាពិតជាចាំបាចសម្រាប់រាជរដ្ឋាភិបាលក្នុងប្រមូលថវិកា ដើម្បីអភិវឌ្ឍប្រទេស។ ប៉ុន្តែ លោក ក៏ចង់ឲ្យមានការសិក្សាឲ្យបានស៊ីជម្រៅអំពីកិច្ចការនេះផងដែរ ។ ជាមួយគ្នានេះលោក ក៏ចង់ឲ្យរាជរដ្ឋាភិបាល មានការបន្ធូបន្ថយចំពោះប្រជាពលរដ្ឋដែលទិញផ្ទះលើកដំបូង ឬ គ្រួសារថ្មីថ្មោង ដែលមានជីវភាពមធ្យម ឬ ក្រោមមធ្យម សម្រាប់ការបង់ពន្ធ អចលនទ្រព្យនេះ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេអាចពង្រឹងជីវភាពគ្រួសារឲ្យបានរឹងមាំសិន។


ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អត្រាពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យសព្វថ្ងៃ ត្រូវបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ តម្លៃដីធ្លី បានហក់ឡើងយ៉ាងខ្លាំង ដូច្នេះគួរតែត្រូវធ្វើការសិក្សាកំណត់ថ្លៃបង់ពន្ធនេះឡើងវិញ។


បើតាមឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ការប្រមូលពន្ធអចលនទ្រព្យឆ្នាំ ២០១៨នេះ បានប្រមាណ ២២២ពាន់លាន រៀល ឬ ប្រហែល ៥៥លានដុល្លារ បានកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ អគ្គនាយដ្ឋានពន្ធដារ កត់សម្គាល់ឃើញថា ក្នុងមួយខែៗប្រជាពលរដ្ឋដែលមកបង់ពន្ធប្រថាប់ត្រាមានប្រមាណជាង ៥ពាន់ករណី សម្រាប់រាជធានីភ្នំពេញ ដែលតួលេខនេះ គឺមានកម្រិត ខ្ពស់បើធៀបកាលពីឆ្នាំមុនៗ ។ យ៉ាងណាក៏ រហូតមកទល់នឹងពេលនេះ ការប្រមូលពន្ធអចលនទ្រព្យប្រចាំឆ្នាំ ២០១៨ នៅ មិនទាន់បិទបញ្ចប់នៅឡើយទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម