Connect with us

តាមការពិត ការកប់ព្រះពុទ្ធបដិមា១០៥អង្គ នៅបរិវេណប្រាសាទអង្គរវត្ត មានរឿងបែបនេះសោះ

សៀមរាប៖ បន្ទាប់ពីបានសិក្សាយ៉ាងហ្មតចត់រួចមក ក្រុមអ្នកជំនាញបុរាណវិទ្យា បានឱ្យដឹងថា បដិមាដែលប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត មិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះផងដែរ។ នេះដោយយោងតាមបទបង្ហាញមួយនៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ របស់ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាស្ដីពី “ព្រះពុទ្ធបដិមានៅអង្គរវត្ត” ដែលបានប្រទះឃើញក្នុងរណ្ដៅដី នៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា បានលើកឡើងថា តាមការសិក្សាយ៉ាងលម្អិត និងត្រួតពិនិត្យនៅក្នុងរណ្ដៅកប់បំណែកព្រះពុទ្ធបដិមា ការកប់នេះ គឺមានការយកចិត្តទុកដាក់បំផុត ដោយមានការកប់ជាដំណាក់ៗ និងដោយប្រុងប្រយ័ត្នបំផុត ដើម្បីចំណេញទីតាំង។

ជាមួយគ្នានេះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ពន្យល់ថា ជាទូទៅសម្រាប់អ្នកមានជំនឿដែលជឿលើបដិមាដែលស័ក្ដិសិទ្ធិទាំងនោះ តែងរៀបចំរូបដែលបាក់បែកនៅកន្លែងទីតាំងសមរម្យ តែមិនមែនមានន័យថា បោះចោលទេ។ តួយ៉ាងករណីនៅប្រាសាទអង្គរវត្តនេះ គឺចាស់បុរាណសម័យមុន ទុកដាក់រៀបចំកប់ត្រឹមត្រូវ និងដោយការគោរពវត្ថុទាំងនោះ។

សូមបញ្ជាក់ថា នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងទឹក ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត បានប្រទះឃើញបំណែកព្រះពុទ្ធបដិមា ១០៥អង្គ ក្នុងរណ្ដៅរួមមួយ។ បំណែកទាំងនោះមាន ដងខ្លួនព្រះពុទ្ធបដិមាសម័យក្រោយអង្គរ បំណែករូបសិល្បៈ សម្ភារប្រើប្រាស់ កាំបិទ ដប ជាដើម ដែលតាមការសន្និដ្ឋានរូបទាំងនោះ ត្រូវបាននាំយកពីរូតព្រះពាន់ និងតាមការសន្និដ្ឋាន ការកប់នេះអាចធ្វើឡើងនៅអំឡុងឆ្នាំ១៩៨០ប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម