Connect with us

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស យាងចូលទិវង្គត

ភ្នំពេញ៖ ព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ចំពោះមរណភាពនៃ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ដែលជាព្រះបុត្រានៃសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស និងអ្នកម្នាង Andrée Lambert បានយាងចូលទិវង្គត ក្នុងជន្មាយុ ៧៩ឆ្នាំ នាវេលាម៉ោង ៤៖៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នាមន្ទីរពេទ្យ Pasteur ក្នុងទីក្រុង Colmar រដ្ឋAlsace សាធារណរដ្ឋបារាំង។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ត្រូវជាព្រះរាជនត្តា (ចៅ) នៃព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អ្នកអង្គម្ចាស់ ធ្លាប់បានទៅសិក្សា នៅសាលារាជបណ្ឌិតសភាអាកាសចរណ៍ ( Royal Air academy ) ឯប្រទេសបារាំង ហើយនៅក្នុងសម័យសង្គមរាស្រ្តនិយម ទ្រង់បានចូលបម្រើកងទ័ពភូមិន្ទអាកាសចរណ៍ខ្មែរ (AVRK) ក្នុងឆ្នាំ១៩៦០ បន្ទាប់មកនៅឆ្នាំ១៩៦២ ជាអ្នករុករកនាវាមុជទឹករង និងនៅក្នុងឆ្នាំ១៩៧១ ទ្រង់បានទទួលតំណែងជាវរសេនីយ៍ទោ កងវរសេនាធំ ក្នុងទ័ពអាកាសខ្មែរ (KAF) ។

នៅឆ្នាំ១៩៧៣ ជាអនុព័ន្ធការពារជាតិនៅទីក្រុងប៉ារីស ក្រោយមកចន្លោះឆ្នាំ១៩៧៤-១៩៧៥ ទ្រង់ជាទីប្រឹក្សាបច្ចេកទេសនៃគណៈប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូ ហើយឆ្នាំ ១៩៧៥ ជាប្រធានបេសកកម្មអង្គការ យូណេស្កូនៅទីក្រុង ហ្សឺណែវ ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ទ្រង់ត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ជាទីប្រឹក្សាអមព្រះមហាក្សត្រ ឋានៈស្មើរដ្ឋលេខាធិការ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម