Connect with us

កម្ពុជា និង បណ្តាប្រទេសនានា បានផ្តល់ថវិកាជំនួយដល់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ជួយដល់ ជនរងគ្រោះដោយសារគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក

ឥណ្ឌូនេស៊ី ៖ កម្ពុជា រួមនឹងបណ្តាប្រទេសនានា បានកំពុងផ្តល់ជំនួយ និង កំពុងពិចារណាក្នុងការផ្តល់ជំនួយជួយ ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់គ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក នៅក្រុងប៉ាលូ និងដុងខាឡា ដែលបានកើតឡើងកាលពីថ្ងៃសុក្រ និង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ។


ក្នុងនោះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្តល់ថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក និងសារលិខិតចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិ បាលឥណ្ឌូនេស៊ីនិងកាកបាទក្រហមឥណ្ឌូនេស៊ី តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុង ភ្នំពេញ ។ ការផ្តល់ថវិការជំនួយនេះ ធ្វើឡើង បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ទទួលបានដំណឹងក៏មហាក្រៀមក្រំថា ពីការរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ 

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកនេះ បានផ្ញើសារដើម្បីចូលរួមរំលែកទុកជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច មានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីការបាត់បង់ជីវិតប្រជាជនជាច្រើន ហើយរាប់រយពាន់នាក់ផ្សេងទៀត ក៏បានបាត់ខ្លួន និង រងរួបស ក្នុងគ្រោះរញ្ជួយផែនដី និងរលកយក្ស ស៊ូណាមិ (Tsunami) ដែលបានបង្កការបំផ្លិចបំផ្លាញដ៏ធំ នាចុងសប្តាហ៍មុននេះ ។


ក្រៅពីកម្ពុជា ក្នុងនោះ រដ្ឋាភិបាលអូស្រ្តាលី បានអះអាងថា ខ្លួនបានផ្តល់នូវថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិក ជាជំនួយឧបត្ថម្ភបន្ទាន់ តាមរយៈកាកបាទក្រហមឥណ្ឌូនេស៊ី ដើម្បីជួយដល់ជនរងគ្រោះពីគ្រោះ ធម្មជាតិ ដ៏ធំនេះ ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានអោយដឹងផងដែរថា អូស្រ្តាលី កំពុងពិនិត្យមើលលទ្ធភាពនានា ដែលអាចជួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការដោះស្រាយបញ្ហា គ្រោះធម្មជាតិនេះ ។


ជាមួយគ្នានេះ ប្រទេសតួកគី បានអះអាងថា ខ្លួនបានខ្លួនរួចជាស្រេចក្នុងការជួយដល់រដ្ឋាភិបាល ឥណ្ឌូនេស៊ី ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិ ដែលបានកើតមានឡើងនេះ ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុតបានកើនដល់ ១,២០៣នាក់ ។ កាលពីថ្ងៃម្សិលម៉ិញនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំពីគ្រោះធម្មជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម