Connect with us

ប្រវត្តិខ្លះៗនៃផ្ទះបុរាណលោកយាយ ប៊ុន រឿង ដែលមានអាយុកាល ១០០ ឆ្នាំ និងមានការគ្រប់គ្រងពីកូនចៅរហូតដល់ ៣ ជំនាន់

បាត់ដំបង៖ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចម្ងាយ ២ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន ២០ ខ្នង ដែលមាន ២ ខ្នងត្រូវបានម្ចាស់ផ្ទះអនុញ្ញាតឱ្យចូលទស្សនា។ ជាក់ស្តែង ផ្ទះបុរាណដែលគ្រប់គ្នាបានស្គាល់ថា “ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង” មានអាយុកាល ១០០ ឆ្នាំ និងមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ ត្រូវបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ ៣ ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង សាងសង់ឡើងដោយលោកឧកញ៉ា នូ ពិនិត្យភីង និងភរិយាគឹលោកស្រី យិន ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ។

លោកឧកញ៉ា នូ ពិនិត្យ ភីង ជាមេទ័ពម្នាក់ លុះដល់វ័យចំណាស់លោកក៏បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមានកូនចំនួន ៧ នាក់ ប្រុស១ ស្រី៦ ក្រោយពីលោកទទួលអនិច្ចកម្មទៅ ផ្ទះនេះត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ ដោយលោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។

ផ្ទះនេះមានបណ្ដោយ ២៩ ម៉ែត្រ និងទទឹង ១០.៥ ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរ ខាងមុខធ្វើពីថ្ម រីឯខាងក្រោយធ្វើពីឈើ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងមិនមានពិដានឡើយ និងមានក្បូរក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ន។

ផ្ទះបុរាណនេះចែកជាបីផ្នែក៖

ទី១ រានហាលខាងមុខ និងចំហៀង

ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។

ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀង និងជណ្ដើរដែលធ្វើពីឈើ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។

នៅជំនាន់ខ្មែរក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសម្រាប់បោកស្រូវដាក់សំភារហើយនឹងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលឱ្យខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។

ផ្ទះបុរាណ មានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេ និងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ នេសាទត្រីជាដើម។ ដំណើរកម្សាន្តឆ្ពោះទៅកាន់ផ្ទះបុរាណ គឺជាដំណើរទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើឱ្យភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបុរាណចំណាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សម្រាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបុរាណ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម