Connect with us

កុហកថាខ្ចីលុយដោះស្រាយជំនួញ បែរជាទិញរថយន្តទំនើប ត្រូវបានចាប់ខ្លួននៅអាមេរិក

អាមេរិក៖ បុរសម្នាក់មកពីរដ្ឋផ្លរីដា បានបោកប្រាស់ធនាគារ ដើម្បីទទួលបានកម្ចីដោះស្រាយក្នុងវិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ ៣,៩លានដុល្លារ ប៉ុន្តែបែរជាយកប្រាក់ទៅទិញរថយន្តទំនើប (Lamborghini Huracan) តម្លៃ ៣១៨០០០ដុល្លារ។

បុរសខាងលើ ឈ្មោះ David T. Hines អាយុ ២៩ឆ្នាំ មកពីក្រុងម៉ាយអាមី ត្រូវបានចាប់ខ្លួនពីការឆបោកធនាគារ ដោយក្លែងបន្លំឯកសារដើម្បីខ្ចីលុយ ហើយគេបានធ្វើការដកប្រាក់ខុសពីគោលការណ៍របស់ធនាគារ។

ដោយសារ Hines គឺជាម្ចាស់ជំនួញស្របច្បាប់មួយ ទើបធនាគារសម្រេចផ្ដល់ប្រាក់កម្ចី ៣,៩លានដុល្លារអាមេរិក។ Hines បានប្រាប់ធនាគារថា ខ្លួនត្រូវការលុយដើម្បីបើកប្រាក់ខែឱ្យបុគ្គលិក។ ផ្ទុយទៅវិញ គេបានប្រើប្រាស់ប្រាក់ដើម្បីទិញរថយន្តទំនើប និងធ្វើការចាយវាយលើគោលបំណងផ្សេងៗ។

សូមជម្រាបថា អាមេរិក បានអនុម័តកម្មវិធីសាច់ប្រាក់ដើម្បីការពារជំនួញតូចៗសម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក នៅអាមេរិក ដែលមានទឹកប្រាក់សម្រាប់ផ្ដល់កម្ចីរាប់ពាន់លានដុល្លារ។ កម្មវិធីនេះ ស្ថិតក្រោមច្បាប់សហព័ន្ធ ស្ដីពីជំនួយកូរ៉ូណា ការសង្គ្រោះ និងសន្តិសុខសេដ្ឋកិច្ចរបស់អាមេរិក ដែលចូលជាធរមានកាលពីខែមីនា៕

ប្រភព៖ AP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម