Connect with us

ភាពយន្តគំនូរជីវចលថ្មីរបស់ Walt Disney នឹងរំលេចនូវវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ

ភ្នំពេញ៖ ខ្សែភាពយន្តថ្មីរបស់ Walt Disney ដែលជាផលិតកម្មគំនូរជីវចល និងភាពយន្តហូលីវូដ ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក មានចំណងជើងថា “Raya and the Last Dragon” ប្រែថា “ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ” នឹងមានការរំលេចនូវឈុតឆាកផ្សេងៗ ជាវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ។

លោកបណ្ឌិតសាស្រ្តាចារ្យ ចិន្ត ច័ន្ទរតនា បានបង្ហោះនូវសារមួយបង្ហាញនូវមោទនភាពរបស់លោក ក្នុងការសម្រេចបានជោគជ័យ ដើម្បីបង្ហាញពីវប្បធម៌ខ្មែរទៅក្នុងខ្សែភាពយន្តរបស់ Walt Disney កាលពីថ្ងៃអាទិត្យកន្លងទៅ។

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យាពីប្រទេសបារាំងលើផ្នែកប្រវត្តិសិល្បៈ និងបុរាណវិទ្យាអាស៊ីអាគ្នេយ៍។ កាលពីចុងឆ្នាំ២០១៨ លោកត្រូវបានក្រុមហ៊ុន Walt Disney Animation Studios ដែលមានការិយាល័យធំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជ្រើសរើសជាទីប្រឹក្សា។

ក្រុមការងារផលិតកម្ម Walt Disney ក៏បានមកធ្វើការសិក្សាស្វែងយល់ផ្ទាល់ពីវប្បធម៌កម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ជាទីដែនជម្រុកនៃវប្បធម៌ដ៏សំបូរបែបរបស់យើង ក្រោមការណែនាំ និងប្រឹក្សាយោបល់ផ្ទាល់ពីលោកបណ្ឌិតសាស្រ្តាចារ្យ ចិន្ត ច័ន្ទរតនា ដែលជាបណ្ឌិតខាងប្រវត្តិសាស្រ្តកម្ពុជា។

សូមជម្រាបថា រឿងនេះគ្រោងនឹងចាក់ផ្សាយដំបូងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យារដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វិញ ដោយសារតែវិបត្តិជំងឺកូវីដ១៩៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម