Connect with us

ថ្ងៃនេះ ជាខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់យូណេស្កូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “ប័ណ្ណសារសារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្ស និងថតចម្លងឯកសារឌីជីថលជិត ៥០០.០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមថ្លែងអំណរគុណ ចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមក ពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (នាយកដ្ឋានសារមន្ទីរ និងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕

ប្រភព៖ ហ្វេសប៊ុកផេក Samdech Hun Sen, Cambodian Prime Minister

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com