Connect with us

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈស្ត្រីមួយចំនួន កំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា។

កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី” នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។

ដោយមានការចូលរួមពីមន្រ្តី៣៨រូបដែលជាបុគ្គលិកមកពីមន្ទីរជុំវិញខេត្តសៀមរាប រួមមាន មន្ទីរអប់រំ មន្ទីរកិច្ចការនារី និងមន្ទីរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ និងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយបន្តក្នុងគោលដៅជួយដល់ធុរកិច្ច និងអាជីវកម្មរបស់ស្រ្តី នៅតាមមូលដ្ឋាន។

លោកស្រី ជា សិរី បានមានប្រសាសន៍ថា៖ “ថ្មីត្បិតតែបច្ចុប្បន្នវិស័យហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្រ្តីមួយចំនួនធំ នៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ជាពិសេសនៅពេលចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មនៅមានកម្រិត”។

ហេតុដូច្នេះហើយ ធនាគារជាតិនៃកម្ពុជា បានរួមសហការជាមួយក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញលទ្ធភាពស្រ្តីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើប្រាស់ហិរញ្ញវត្ថុទាំងនោះ ដោយការទទួលខុសត្រូវ និងត្រឹមត្រូវតាមគោលដៅ។

លោកស្រីអគ្គនាយកបច្ចេកទេស បានបន្តថា៖ “កាលណាស្ត្រី អាចទទួលបានហិរញ្ញប្បទានហិរញ្ញវត្ថុកាន់តែច្រើន ពួកគេនឹងអាចរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចគ្រួសារ និងសហគមន៍របស់ពួកគេ”។

អ្នកស្រី ឆាយ កញ្ញា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារផលិផលនៃធនាគាឯកទេសវីង និងជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានប្រាប់ឱ្យដឹងថា៖ “ការជួយគាំទ្រស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញពួកគេឱ្យក្លាយជាសហគ្រិនស្រី្ត វាជាទិសដៅដ៏មានប្រសិទ្ធភាពមួយដែលអាចធ្វើឱ្យស្ត្រីក្លាយជាអ្នកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារដ៏មានប្រសិទ្ធភាព។ កាលណាស្រ្តី មានមុខរបរ និងមានប្រាក់ចំណូលសមរម្យ នោះស្ត្រីនឹងមានសិទ្ធិកាន់តែល្អប្រសើរក្នុងការធ្វើការសម្រេចចិត្តទាំងថ្នាក់ជាតិ និងក្រោមជាតិ ក៏ដូចមានឥទ្ធិពលក្នុងសង្គម និងក្រុមសារផងដែរ”។

ក្រៅពីចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជាក្នុងការជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ធនាគារឯកទេសវីង កន្លងមកបានចូលរួមគាំទ្រដល់កម្មវិធី “អក្ខរកម្មហិរញ្ញវត្ថុ” របស់ក្រសួងអប់រំ យុវជន និងកីឡា ការលើកកម្ពស់សិទ្ធិនារីនៃ៨មីនាជាមួយក្រសួងកិច្ចការនារី និងសហការជាមួយស្ថាប័នជាច្រើនផ្សេងទៀតក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុរបស់ស្រ្តី និងជំរុញការអភិវឌ្ឍស្រ្តីក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

ក្នុងទិសដៅលើកកម្ពស់ស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងសហគ្រិនស្ត្រី ធនាគារឯកទេសវីង មានភ្នាក់ងារវីងជិត៨០០០កន្លែងទូទាំងប្រទេស ដែលក្នុងនោះ៨០% គឺជាស្ត្រី។ ពួកគេទាំងនេះ កំពុងដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ទីកន្លែងនៅកម្ពុជា។ ជាងនេះទៅទៀត ភ្នាក់ងារវីង ដែលជាស្ត្រី បាននិងកំពុងដើរតួរយ៉ាងសំខាន់ជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងជួយគាំទ្រសេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com