Connect with us

កងផ្កាយរណប “GPSរបស់ចិន” ជោគជ័យក្នុងការបាញ់បង្ហោះ ដើម្បីផ្ដល់សេវាទូទាំងសាកលលោក

ចិន៖ ប្រព័ន្ធផ្កាយរណប Beidou របស់ចិន ដែលមានមុខងារប្រៀបដូចជាប្រព័ន្ធ GPS របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះ និងដាក់ឱ្យដំណើរការគ្របដណ្ដប់លើសាកលលោក នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើការប្រកាសដូច្នេះ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ ពីភាពជោគជ័យនៃប្រព័ន្ធផ្កាយរណប Beidou ដែលជាជំនាន់ទី៣ នៅទីក្រុងប៉េកាំង។

សូមជម្រាបថា ប្រព័ន្ធ Beidou នេះ គឺជាប្រព័ន្ធអវកាសធំបំផុតរបស់ចិន និងជាប្រព័ន្ធបណ្ដាញគោចរសាកល ១ ក្នុងចំណោម ៤ បន្ទាប់ពីប្រព័ន្ធ GPS របស់អាមេរិក, GLONASS របស់រុស្ស៊ី និង Galileo របស់សហភាពអឺរ៉ុប។

អ្នកវិទ្យាសាស្ត្រ វិស្វករ និងអ្នកបច្ចេកទេសជាង ៣សែននាក់ មកពីវិទ្យាស្ថាន សាកលវិទ្យាល័យ និងសហគ្រាស ជាង៤០០នៅក្នុងស្រុក បានរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធ Beidou នេះ។ ផ្កាយរណបចុងក្រោយ នៃបណ្ដាញគោចរសាកលលោកជំនាន់ទី៣ របស់ Beidou ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត Long March 3B ចេញពីស្ថានីយបាញ់ផ្កាយរណប នៅខេត្តស៊ីឈាន់ ប្រទេសចិន និងបានទៅដល់រយៈកម្ពស់ប្រហែល ៣៦០០០ គីឡូម៉ែត្រ។

Beidou ចាប់ផ្ដើមលើកដំបូង ដោយការផ្គត់ផ្គង់សេវារបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន និងផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីខែធ្នូ ឆ្នាំ២០១២។ នៅត្រឹមដំណាច់ឆ្នាំ២០១៨ ពួកគេបានចាប់ផ្ដើមសាកល្បងការផ្ដល់សេវាជាលក្ខណៈសាកល។ គិតមកទល់ពេលះ ផ្កាយរណបជំនាន់ទី៣របស់ Beidou មានចំនួនសរុប ៣០ នៅក្នុងគន្លងផែនដី៕

ប្រភព៖ China Daily

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com