Connect with us

មហាសេដ្ឋីហ្វីលីពីនម្នាក់ មានទ្រព្យជាង២ពាន់លានដុល្លារ តែប្រើទូរស័ព្ទស៊េរីចាស់

ហ្វីលីពីន៖ មហាសេដ្ឋីហ្វីលីពីន លោក Lucio Tan ត្រូវបានរាយការណ៍ថា កំពុងប្រើប្រាស់ទូរស័ព្ទស៊េរីចាស់ Nokia ទោះបីជាលោក មានទ្រព្យសម្បត្តិប្រហែល ២ពាន់លានដុល្លារក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។

មហាសេដ្ឋីវ័យ ៨៦ឆ្នាំរូបនេះ ធ្លាប់និយាយថា លោកចង់បានជីវិតដ៏សាមញ្ញមួយ ហើយគាត់បានសម្រេចបំណងប្រាថ្នាក្នុងជីវិតរបស់ខ្លួនហើយ។ សេចក្ដីរាយការណ៍ឱ្យដឹងថា លោក Tan បានប្រើប្រាស់ Nokia ស៊េរីចាស់ចំនួន ៤គ្រឿង ហើយលោកតែងតែដាក់ក្នុងហោប៉ៅជានិច្ច។

ការពិតទៅ លោក Tan បានកើតនៅឯខេត្តហ្វូជៀន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៣៣ ប៉ុន្តែគ្រួសាររបស់គាត់ បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីន។ គាត់មានបងប្អូន ៨នាក់ ហើយគាត់ជាកូនច្បងទី១។ មុននឹងក្លាយជាមហាសេដ្ឋីមួយរូប លោក Tan ធ្លាប់ធ្វើការនៅរោងចក្រផលិតបារី អំឡុងពេលសិក្សាជំនាញវិស្វកម្មគីមីនៅក្រុងម៉ានីល។

លោក Tan ត្រូវបានគេដំឡើងដំណែងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៩៦៦ ទើបសម្រេចចិត្តបើករោងចក្របារីមួយ ដោយខ្លួនឯង។ នៅឆ្នាំ១៩៨២ គាត់បានបើកក្រុមហ៊ុនផលិតភេសជ្ជៈមួយបន្ថែមទៀត។ ក្រោយមក លោកបានបង្កើតក្រុមហ៊ុន Lucio Tan Group ដែលបានទិញភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នៅខែកញ្ញា ឆ្នាំ២០១៤។

ក្រៅពីជំនួញ លោក Tan បានបង្កើតមូលនិធិជួយកុមារក្រីក្រ នៅក្នុងប្រទេសហ្វីលីពីន ដោយផ្ដល់អាហារូបករណ៍សម្រាប់សិស្ស ១០០០នាក់ ទៅសិក្សានៅប្រទេសចិន ជារៀងរាល់ឆ្នាំ ហើយថវិកាផ្ទាល់ខ្លួនរបស់លោកមួយផ្នែក ត្រូវបានប្រើប្រាស់ដើម្បីកសាងសាលារៀននៅហ្វីលីពីន។ លោកក៏ជាស្ថាបនិកនៃអង្គការសម្រាប់លើកកម្ពស់ស្ដង់ដារអប់រំដែលមិនរកប្រាក់កម្រៃ FUSE ផងដែរ៕

ប្រភព៖ Nextshark

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម