Connect with us

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជំនួយជាថវិកាចំនួន ២០ម៉ឺនដុល្លាអាមេរិក ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយដល់ជនរងគ្រោះដោយរញ្ជួយដីនិងរលកយក្សស៊ូណាមី

ភ្នំពេញ ៖ ជាការបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២០០,០០០ដុល្លារអាមេរិក ជាជំនួនមនុស្សធម៌ សម្រាប់រំលែកទុក្ខ និង ជួយដល់ជនរងគ្រោះដោយសារមហន្តរាយពីគ្រោះធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ ដ៏សោកនាដកម្មនេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិកម្ពុជា ដែលបានចេញនៅថ្ងៃទី០២ ខែតុលា ។


ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកម៉ិញនេះ ក៏បានផ្ញើសារដើម្បីចូលរួមរំលែកទុកជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច មានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីការបាត់បង់ជីវិតប្រជាជនជាច្រើន ហើយរាប់រយពាន់នាក់ផ្សេងទៀត ក៏បានបាត់ខ្លួន និង រងរួបស ក្នុងគ្រោះរញ្ជួយផែនដី និងរលកយក្ស ស៊ូណាមិ (Tsunami) ដែលបានបង្កការបំផ្លិចបំផ្លាញដ៏ធំ នាចុងសប្តាហ៍មុននេះ ។


គួររំលឹកថា កាលពីថ្ងៃម្សិលម៉ិញ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្តល់ថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក និងសារលិខិតចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងកាកបាទក្រហមឥណ្ឌូនេស៊ី តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ ។ ការផ្តល់ថវិការជំនួយនេះ ធ្វើឡើង បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ទទួលបានដំណឹងក៏មហាក្រៀមក្រំថា ពីការរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។


សូមជម្រាបថា កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សស្លាប់បានកើនដល់ ១,២០៣នាក់ ។ បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើង ហើយព្រលានយន្តហោះទីក្រុងប៉ាលូ ពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំង។ កាលពីថ្ងៃម្សិលម៉ិញនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំពីគ្រោះធម្មជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម