Connect with us

គម្រោងទំនប់សាលាតាអន សម្រេចការសាងសង់បានជាង ៧០% ហើយ

បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៧០ % លើទំហំការងារសរុបរបស់គម្រោង។

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា បាន ចំនួន ១១០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤០០០ ហិកតា។

ក្នុងការចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្រ្តមួយ ស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ តាមរយៈកុំព្យូទ័រ ហើយក៏ជាគម្រោងទី៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុក មុននឹងហូរទៅទន្លេសាប។

លោករដ្ឋមន្ត្រីបន្តថា គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឱ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគំរាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកម្សាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរកាន់តែច្រើន ចូលមកកាន់ខេត្តនេះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម