មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?
មុនគឺជាបញ្ហាស្បែកមួយដែលយើងគ្រប់គ្នាចង់គេចឲ្យផុត។ បញ្ហាមុនគឺអាចកើតនៅស្ទើរគ្រប់វ័យ និងបង្កដោយសារមូលហេតុផ្សេងៗរួមទាំងអាចកើតមាននៅផ្នែកផ្សេងៗនៃរាងកាយរួមទាំងខ្នងផងដែរ។
តើមុនខ្នងបង្កមកពីអ្វី?
រាងកាយយើងផលិតខ្លាញ់ឈ្មោះ សេបូម (Sebum) ។ ខ្លាញ់នេះផលិតនៅក្រពេញខ្លាញ់ ហើយបញ្ជូនទៅកាន់ឫសរោមដើម្បីបន្ថែមជាតិសំណើមដល់ស្បែក។ មុនកើតមាននៅពេលដែលយើងមានខ្លាញ់ និងកោសិកាងា ប់ច្រើនផ្តុំគ្នា ហើយការផ្តុំនេះបានបង្កឱ្យស្ទះរន្ធញើស និងមានបាក់តេរី។ មុនក៏អាចបង្កដោយមូលហេតុផ្សេងទៀតដែរដូចជា៖
• កត្តាហ្សែន៖ នៅពេលសមាជិកគ្រួសារមានបញ្ហាមុន
• ថ្នាំ៖ មុនអាចកើតមានដោយសារប៉ះពាល់ពីការប្រើថ្នាំដូចជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តជាដើម។
• អ័រម៉ូន៖ នៅពេលមានបម្រែបម្រួលអ័រម៉ូនក្នុងវ័យជំទង់។ សម្រាប់ស្ត្រីដែលពេញវ័យ និងមានបញ្ហាមុនអាចបង្កមកពីបម្រែបម្រួលអ័រម៉ូនពេលមានរដូវ ឬពពោះ។
• ញើស៖ ជាពិសេសពេលបែកញើស និងពាក់អាវរឹប
• ស្ត្រេស៖ ស្ត្រេសក៏អាចបង្កឱ្យមានបញ្ហាមុនដោយប្រយោល
វិធីព្យាបាលមុនខ្នង
ក្នុងករណីមួយចំនួន យើងអាចកម្ចាត់មុនខ្នងបានដោយផ្លាស់ប្តូររបៀបរបបការរស់នៅ និងអនុវត្តវិធីថែទាំមួយចំនួននៅផ្ទះ។
១. ងូតទឹកក្រោយហាត់ប្រាណ
ការទុកឱ្យញើស និងធូលីជាប់នឹងស្បែកយូរក្រោយពីហាត់ប្រាណអាចជាមូលហេតុមួយដែលបង្កឲ្យមានមុនខ្នង។ ដូចនេះយើងគួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឱ្យបានទៀងទាត់។
២. ខាត់ស្បែក
ការប្រើប្រដាប់ខាត់ស្បែកដែលមានអាស៊ីដសាលីស៊ីលិក (Salicylic acid) អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែកដែលអាចជួយបន្ថយបរិមាណកោសិកាងាប់ស្ទះនៅរន្ធញើស។
៣. ចងសក់
សម្រាប់ស្រីៗយើងវិញ សក់វែងអាចបន្ថែមជាតិខ្លាញ់ និងធូលីទៅលើស្បែកនៅខ្នង និងបង្កឲ្យមានមុន។ ការកក់សក់ជាប្រចាំ និងចងសក់ឡើងពេលហាត់ប្រាណក៏អាចជួយបន្ថយបញ្ហាមុនខ្នងដែរ។ ម៉្យាងទៀត សាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ក៏អាចធ្វើឲ្យស្ទះរន្ធញើស និងបង្កបញ្ហាមុនដែរ។
៤. របបអាហារ
របបអាហារមិនល្អអាចប៉ះពាល់ដល់រាងកាយបាន។ ប្រសិនជាយើងងាយឡើងមុន អាហារមួយចំនួនអាចជាមូលហេតុបង្ក។ ការសិក្សាបានបង្ហាញថាអាហារដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងលឿនអាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ អាហារទាំងនោះមាននំប៉័ង បាយ និងដំឡូងបារាំង។ របបអាហារដែលល្អរួមមានបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។
៥. ចៀសវាងកម្ដៅថ្ងៃ
កម្ដៅថ្ងៃអាចធ្វើឲ្យមុនកាន់តែខ្មៅជាងមុន និងបង្កឲ្យមានស្នាមនៅលើខ្នង។ ដូចនេះគួរលាបឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅ។ នេះមិនត្រឹមតែជួយបន្ថយបញ្ហាមុនទេ នៅអាចការពារស្បែកពីការខូចខាតដោយកម្ដៅថ្ងៃ និងបង្ការជំងឺមហារីកស្បែកបានដូចគ្នា៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍