រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើរក្រុមធុរកិច្ចថៃ វិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ ពិចារណាវិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ដែលបានដឹកនាំគណៈប្រតិភូ ស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រាប់ភាគីថៃ អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណថ្មី ដែលជារបៀបវារៈសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ ១០០% និងភាពអនុគ្រោះពន្ធ ដើម្បីនាំចេញទៅកាន់ប្រទេសទីបី ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យលោក ចាន់នីត ចាន់ឆៃណារ៉ុង ជម្រាបទៅរដ្ឋាភិបាលប្រទេសថៃ ជាពិសេសក្រសួងសេដ្ឋកិច្ចថៃ ធ្វើការពន្លឿនការចុះអនុស្សរណៈលើកលែងពន្ធនៅតាមបន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានទឹកប្រាក់ ១៥ប៊ីលានដុល្លារ តាមផែនការនៅត្រឹមឆ្នាំ២០២០។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ លោក ចាន់នីត ចាន់ឆៃណារ៉ុង បានសន្យានឹងជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ដល់សមាគមធុរជននៅក្នុងប្រទេសថៃ ដើម្បីចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ ទាក់ទិននឹងការលើកលែងពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន លោក ចាន់នីត ចាន់ឆៃណារ៉ុង ក៏បានសន្យានឹងនាំយកសំណើរនេះ ទៅជម្រាបជូនរដ្ឋាភិបាលប្រទេសថៃ ដើម្បីពន្លឿនកិច្ចការនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍