Connect with us

ជឿអត់ ស្បែកមនុស្សស្រីនៅអាស៊ីងាយនឹងជាំ ឬ ប្រែពណ៌? គួរដោះស្រាយបែបណា?

ស្រីៗគ្នាយើងធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្រីៗនៅអាស៊ីងាយនឹងជាំមុខ(melasma) ជាងស្រីៗនៅតំបន់ផ្សេងៗទៀតនៅលើពិភពលោក? អត្ថបទខាងក្រោមនេះនឹងឆ្លើយសំណួរនេះ ព្រមទាំងផ្តល់ការណែនាំខ្លះឱ្យយើងដឹងអំពីវិធីទប់ទល់នឹងការឡើងជាតិពណ៌លើស្បែកនេះ (hyperpigmentation)។

១– ស្ថានភាពនៃការឡើងជាតិពណ៌លើស្បែក (hyperpigmentation) របស់ប្រជាជនអាស៊ី

ស្បែកប្រជាជនអាស៊ីជាទូទៅងាយនឹងមានបញ្ហា។ ថ្វីបើស្បែកអ្នកនៅអាស៊ីត្រូវគេគិតថាមានលក្ខណៈរឹងមាំជាងប្រជាជននៅទ្វីបផ្សេង ប៉ុន្តែវាក៏ងាយនឹងមានស្លាកស្នាម និងងាយនឹងធ្វើឱ្យមានការឡើងជាតិពណ៌លើស្បែក។ ដូច្នេះ ការឡើងជាតិពណ៌លើស្បែកគឺជាជំងឺទូទៅមួយសម្រាប់ស្រីៗអាស៊ី។ នេះជាមូលហេតុមួយដែលយើងតែងតែរកឃើញថាមានគ្រឿងផ្សំសំរាប់ធ្វើឲ្យស្បែកភ្លឺរលោងជាច្រើននៅក្នុងគ្រឿងសំអាងសម្រាប់អ្នករស់នៅតំបន់អាស៊ី។
មុខនឹងប្រែជាពណ៌ត្នោត ឬមានពណ៌ត្នោតនៅថ្ពាល់ ចង្កា ឬថ្ងាសជាដើម។ នេះមានន័យថាយើងកំពុងមានការឡើងជាតិពណ៌។ សារធាតុពណ៌លើស្បែកច្រើនកើតមានចំពោះស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួច។

២– ហេតុអ្វីបានជាស្ត្រីអាស៊ីជាច្រើនមានការឡើងជាតិពណ៌លើស្បែក

ការសិក្សាមួយចំនួនបានលើកឡើងថា មូលហេតុដែលស្ត្រីនៅអាស៊ីជាច្រើនឡើងជាំលើស្បែកគឺបណ្តាលមកពីការផលិតជាតិមេឡានីន។ មេឡានីនគឺជាសារធាតុពណ៌ស្បែកធម្មជាតិដែលមាននាទីការពារស្បែកពីផលប៉ះពាល់នៃកាំរស្មីយូវី (UV) ។ នៅពេលដែលរាងកាយផលិតជាតិមេឡានីនច្រើន នោះយើងនឹងមានស្បែកខ្មៅស្រអាប់។ នៅពេលដែលការផលិតមេឡានីនត្រូវបានកើនឡើង (ដោយសារអតុល្យភាពអ័រម៉ូន) នោះការឡើងជាំនឹងលេចឡើង។ ម៉្យាងវិញទៀតជាមួយនឹងអាកាសធាតុនៅអាស៊ីក៏អាចបណ្តាលឲ្យស្បែកយើងងាយនឹងមានបញ្ហាជាមួយនឹងសារធាតុពណ៌ដូចជាការឡើងជាំ ឬ ការឡើងជាតិពណ៌លើស្បែកផងដែរ។

៣– ការព្យាបាលសារធាតុពណ៌លើស្បែក?

បច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់បញ្ហាជាំមុខ (melasma) ទេ តែយើងអាចកាត់បន្ថយរោគសញ្ញាបានដោយអនុវត្តតាមដំណោះស្រាយដូចខាងក្រោម៖

– ប្រើ hydroquinone, tretinoin និង corticosteroid ៖ ការប្រើសារធាតុទាំងនេះលើស្បែកអាចជួយឱ្យស្បែកយើងភ្លឺរលោងបាន។

– ថ្នាំផ្សេងទៀត៖ ការប្រើថ្នាំដើម្បីជួយឱ្យស្បែកភ្លឺមានដូចជាអាស៊ីត azelaic ឬអាស៊ីត kojic ។ អាស៊ីត azelaic គឺជាអាស៊ីតធម្មជាតិ វាត្រូវបានគេប្រើជំនួសឱ្យ hydroquinone ។ អាស៊ីត azelaic ត្រូវបានផលិតដោយការប្រមូលផលពីមេតំបែរ វាជួយឱ្យស្បែកដុះមកមានសុខភាពល្អ។ យោងតាមការសិក្សាដែលបានចុះផ្សាយពីគ្រឿងសំអាងបាននិយាយថាអាស៊ីត azelaic មានប្រសិទ្ធភាពប្រឆាំងនឹងការឡើងជាតិពណ៌លើស្បែក ហើយវាក៏អាចជួយឱ្យមានភាពប្រសើរឡើងលើអ្នកកើតមុនផងដែរ។

– ស្ពាន់ធ័រ (Sulfur)៖ គឺជាវិធីមួយក្នុងការព្យាបាលការឡើងជាតិពណ៌លើស្បែក។ ស្ពាន់ធ័រដូចជាឱសថព្យាបាល holistic hyperpigmentation សំរាប់ស្បែកអាស៊ី។ ស្ពានធ័រជាប្រភេទរ៉ែដែលត្រូវបានគេឱ្យតម្លៃជាយូរមកហើយសម្រាប់ការព្យាបាលស្នាមខ្មៅ។ កន្លែងដែលប្រជាជនអាស៊ីពេញនិយមទៅជាងគេគឺការត្រាំទឹកក្តៅដែលសម្បូរស្ពាន់ធ័រ។ ស្ពាន់ធ័រក៏ត្រូវបានគេយកប្រើសម្រាប់បន្ធូរជំងឺរលាកសន្លាក់ និងជំងឺស្បែកមួយចំនួន ដែលត្រូវបានគេស្គាល់ថាជា “ រ៉ែសម្រស់ធម្មជាតិ” ។ ម្យ៉ាងទៀតវាត្រូវគេហៅបែបនេះដោយសាររាងកាយអាចពឹងផ្អែកលើវាដើម្បីផលិតស្បែក ក្រចក និងសក់ឲ្យមានសុខភាពល្អ។

ជនជាតិអាស៊ីមានស្បែកដែលងាយរងគ្រោះជាងមនុស្សមកពីទ្វីបដទៃទៀត។ ដូច្នេះយើងត្រូវមានចំណេះដឹងជាមូលដ្ឋានខ្លះៗអំពីលក្ខណៈនៃប្រភេទស្បែក និងត្រូវប្រយ័ត្នក្នុងការជ្រើសរើសផលិតផលថែរក្សាស្បែក។ សង្ឃឹមថាអត្ថបទនេះនឹងមានប្រយោជន៍សម្រាប់គ្នាយើងក្នុងការស្វែងយល់អំពីស្បែករបស់ប្រជាជនអាស៊ីយើង។៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម