Connect with us

ចៅសង្កាត់សិត្បូ ថា ប្រជាពលរដ្ឋព្រួយបារម្ភខ្លាំង បន្ទាប់ពីស្ត្រីខ្មែរកើតជំងឺកូវីដ១៩ បានប៉ះពាល់ជាមួយអ្នកជិតខាងជាច្រើន

តាខ្មៅ៖ រដ្ឋបាលសង្កាត់សិត្បូ ក្រុងតាខ្មៅ ជូនដំណឹងនៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះពី ករណីវិជ្ជមានជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ជាកងទ័ពមួកខៀវ ដែលមានវិជ្ជមានកូវីដ១៩។

ចៅសង្កាត់សិត្បូ លោក អ៊ុ ឡេង បានឱ្យដឹងថា ស្ត្រីខាងលើ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ហើយពេលមកដល់ផ្ទះ គាត់បានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត។ បន្ទាប់មកសាមីខ្លួន មានអាការៈក្ដៅខ្លួន ក៏បានឱ្យពេទ្យនៅជិតផ្ទះចាក់ថ្នាំ និងផ្សំថ្នាំឱ្យ ដោយជំងឺមិនធូរស្រាល សាមីខ្លួន ក៏បានទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យជ័យជំនះ តែលទ្ធផលអវិជ្ជមានទៀត ពេទ្យក៏ឱ្យសាមីខ្លួនត្រឡប់មកផ្ទះវិញ លុះពីរថ្ងៃក្រោយដោយមានអាការៈក្ដៅខ្លួនខ្លាំង និងមានហៀរសំបោរទើបទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនះម្ដងទៀត ហើយលទ្ធផលគឺវិជ្ជមាន។

ចៅសង្កាត់ដដែល បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង ដោយអ្នកជំងឺបានប៉ះពាល់ជាមួយអ្នកជិតខាងជាច្រើន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សុវណ្ណ ប្រធានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់ប្រភពក្នុងស្រុកថា យ៉ាងហោចណាស់មនុស្សចំនួន ០៩នាក់ ត្រូវបានដាក់ក្នុងការតាមដាន ស្វែងរកកូវីដ១៩ បន្ទាប់ពីពួកគាត់បានប៉ះពាល់ជាមួយស្ត្រីដែលកើតជំងឺកូវីដ១៩ខាងលើ។ លោកបញ្ជាក់ថា យ៉ាងណាបច្ចុប្បន្ន អ្នកទាំងនោះ មានលទ្ធផលតេស្តអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផលរយៈពេល១៤ថ្ងៃបន្តទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម