Connect with us

ទប់ចិត្តជាប់អត់ បើឃើញកង្កែបអាំងអំបិលម្ទេស និងអាហារសម្រន់ជាច្រើនប្រភេទទាំងនេះហើយ

ភ្នំពេញ៖ ក្នុងរាជធានីភ្នំពេញយើងនេះ អាហារជាច្រើនប្រភេទបានដាក់លក់ជាហូរហែមិនថានៅតាមហាង ឬ តាមចិញ្ចើមផ្លូវឡើយ។ ប៉ុន្តែ សម្រាប់អាហារសម្រន់ជាច្រើនមុខដែលបានទាក់ទាញខ្លាំងពីសំណាក់បងប្អូនខ្មែរយើង ជាពិសេសយុវវ័យនោះគឺ បុកល្ហុង និងកង្កែបអាំងអំបិលម្ទេស។

ជាការពិតណាស់ ដែលក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមានការពេញនិយមជាខ្លាំងទៅលើអាហារសម្រន់ ២ មុខនេះ ព្រោះរសជាតិពិតជាឆ្ងាញ់ជាប់មាត់ បានញ៉ាំហើយពិតជាចង់ញ៉ាំទៀត។ សម្រាប់កង្កែបអាំងអំបិលម្ទេសដែលអ្នកលក់តែងឈរអាំងបំភាយក្លិនដ៏ឈ្ងុយតាមដងផ្លូវបានស្រូបទាញភ្ញៀវជាច្រើនឱ្យចូលញ៉ាំក្រោយហត់នឿយពីការងារពេញមួយថ្ងៃ។

កង្កែបអាំងអំបិលម្ទេសនេះ ភាគច្រើនឃើញយុវវ័យដែលជាសិស្សសាលា និងបុគ្គលិកបម្រើការងារតាមស្ថាប័ន និងរបស់បែបនេះតែងឃើញមានលក់នៅម្តុំសាលានានាក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែជាទូទៅនៅមានអាហារសម្រន់សម្បូរបែបជាច្រើនមុខទៀតក្នុងកន្លែងតែមួយដូចជា ពងមាន់អាំង ប្រហិត ពងទាកូន កង្កែបបំពង ជាដើមដែលភ្ញៀវអាចកុម្ម៉ង់បានទៅតាមចំណូលចិត្តរៀងខ្លួន។

រីឯបុកល្ហុងវិញក៏មិនចាញ់កង្កែបអាំងអំបិលម្ទេសឡើយ ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កន្លែងលក់បុកល្ហុងបានអភិវឌ្ឍមានបន្ថែមនូវបាយដំណើប ស្លាបមាន់អាំង និងសាច់ជ្រូកអាំងដើម្បីបន្ថែមឱជារសឱ្យកាន់តែពិសេសបានមួយកម្រិតទៀត។ បន្ថែមពីនេះផងដែរ បុកល្ហុងដែលធ្លាប់តែមានក្តាមប្រៃតែមួយមុខ ក៏បានបន្ថែមនូវរសជាតិផ្សេងទៀតដូចជាបុកល្ហុងណែម បុកល្ហុងគ្រឿងសមុទ្រ បុកល្ហុងពងទាប្រៃ បុកពោត និងមានជម្រើសជាច្រើនមុខទៀត។

របស់ទាំងនេះ បានក្លាយជាអាហារដ៏ពេញនិយមបំផុតក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលញ៉ាំពេញៗកន្លែង ដែលជាទូទៅគឺពេលរសៀលនៅពេលដែលសិស្សចេញពីសិក្សា និងបុគ្គលិកតាមស្ថាប័ននានាចេញពីធ្វើការ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម