Connect with us

ក្រសួងការងារ បន្តក្រើនរំលឹកដល់សហគ្រាស និងគ្រឹះស្ថាន ដែលមានការប្រើប្រាស់ពលករបរទេស ត្រូវអនុវត្តតាមច្បាប់ ជៀសវាងរងនូវការពិន័យ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងពលករបរទេសនៅកម្ពុជា និង ការផ្តល់សេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជា នៅបរទេស ព្រមទាំងចូលរួមជួយទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ និង ទាំងប្រថុយប្រថាន ។ ឯកឧត្តម បានអះអាងថា ក្រសួង នឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬ បោកបញ្ឆោតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឲ្យមានការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ក៏ដូចជាអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនប្រសិទ្ធភាពវិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធីនិងស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយទប់ស្កាត់ឱ្យបានដាច់ខាត នូវការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រើអំពើហិង្សាដែលបណ្តាលឱ្យបាត់បង់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសង្គមជាតិ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិមាត្រា១ នៃច្បាប់ស្តីពីការងារ ដែលមានសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ ២០១៩ ត្រូវដាក់សំណើរសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃ ទី ១ខែកញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០១៨ ។ ជាមួយនេះ ម្ចាស់ ឬ នាយកសហគ្រាស ទាំងឡាយ ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស និងជនបរទេស ដែលប្រកបមុខរបរណា មួយក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញបែបបទសន្យាសុពលភាពប័ណ្ណ/សៀវភៅការងារ ជនបរទេសសម្រាប់ឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០១៩។


ក្រសួង ក៏បានព្រមានថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយ និងជនបរទេសដែលប្រកបមុខរបរណាមួយ ដែលមិនបានអនុវត្តត្រូវតាមសេចក្តីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការអនុវត្តការពិន័យ តាមទោសសប្បញ្ញត្តិ ដែលមានចែងក្នុងជំពូកទី ១៦ នៃច្បាប់ស្តីពីការងារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម