Connect with us

រួមគ្នា ដើម្បីបរិស្ថានល្អនៅក្នុងសង្គមកម្ពុជា តាមរយៈការចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ ដោយចាប់ផ្តើមពីខ្លួនយើង

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តលើការងារគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ដែលបានបង្កើតឡើងនៅក្នុងទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរី និងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានាដើម្បីរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ និងធ្វើឱ្យសុខុមាលភាពសាធារណៈកាន់តែល្អប្រសើរ ពលរដ្ឋមានសុខភាពល្អ លំនៅដ្ឋាន កន្លែងការងារ និងទីក្រុង សហគមន៍មានសោភ័ណភាពស្អាត ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០%ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើត គឺប្រហែលជាង ៣,៦៥ លាន តោន ឬប្រមាណជាង ១ម៉ឺន តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ ពាន់ តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើងមាន ប្រមាណជិត ៣៥០ ទៅ ៤០០ តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ៦៥០ តោននៅក្នុងមួយថ្ងៃ។

បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃនេះទេ ជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។

តាមរបាយការណ៍ បានបង្ហាញថា បរិមាណសំណល់រឹងសំរាម ប្រហែល ៤១% (១,៥ លាន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន និង ប្រហែល ១១% (៤០ ម៉ឺន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ ហើយបរិមាណសំណល់ដែលនៅសល់ប្រមាណជា ៤៨% ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងប្រភពទឹកនានា ក្នុងខណៈពេលដែលការសិក្សាបង្ហាញថា សំណល់រឹងដែលអាចកែច្នៃបានគ្រប់ប្រភេទមានប្រហែលជាពី ៧០-៨០% នៃបរិមាណសំណល់សរុប។ ដោយឡែក នៅរាជធានីភ្នំពេញ និងក្រុងធំៗ បរិមាណសំណល់ប្រហែលពី ៧០% ទៅ៨០% នៃបរិមាណសំណល់សរុប ត្រូវប្រមូលទៅដាក់នៅទីលាន និងសម្រាប់ការកែច្នៃ។

ការវេចខ្ចប់និងទុកដាក់សំរាម មិនត្រឹមត្រូវ ការបោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនានា នឹងនាំឱ្យមានផលវិបាកជាច្រើនដូចជាការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ពភាពទីក្រុង និងទីប្រជុំជន ជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងបន្តពង្រឹងការអនុវត្តលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ហើយក្រសួងនឹងតាមដានក៏ដូចជាពង្រឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម