Connect with us

មហាសំណាង ពលករខ្មែរដែលជួបឧបទ្ទវហេ តុផ្ទុះធុងហ្គាសនៅលើទូកនេសាទ លិចក្នុងសមុទ្រ ត្រូវបានជួយសង្គ្រោះ

ថៃ៖ ពលករខ្មែរឈ្មោះ វ៉ាន់ ឡុន ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រ ទទួលបានការជួយសង្រោ្គះ និងការយកចិត្តទុកដាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ។ បច្ចុប្បន្នគាត់មានសុខភាពល្អធម្មតា។ នេះយោងតាមទំព័រផ្លូវការរបស់ស្ថានទូតកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីជួបសួរសុខទុក្ខពលករខ្មែរឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

គាត់បានបណ្តែតខ្លួននៅលើសមុទ្ររយៈពេល ៤ថ្ងៃដោយប្រើប្រាស់គម្របធុងក្លាសេទឹកកក ដែលបានយកជាប់ខ្លួន បន្ទាប់មកត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយនៅលើដងខ្លួន មានស្នាមរបួសដោយសារភ្លើងរលាក និងត្រីខាំជាច្រើនកន្លែង។

ទន្ទឹមនេះ ស្ថានទូតបានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់ ព្រមទាំងទាមទារអត្ថប្រយោជន៍ផ្សេងៗពីនិយោជកដល់រូបគាត់ផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម