Connect with us

កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត និងជាសះស្បើយ ០៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហានេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូណេស៊ី ខណៈមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ រួមមាន បុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ, បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប, បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ បុរស ៣នាក់ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ក្រសួង បានឱ្យដឹងថា លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី ០៦របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ដោយឡែក អ្នកជំងឺម្នាក់ទៀត ជាបុរសអាយុ ២៧ឆ្នាំ មានអាស័យស្នាក់នៅភូមិអំពិលឃុំប៊ុស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុ សំណាកតេស្តលើកទី ០៥របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

សម្រាប់អ្នកដែលព្យាបាលជាវិញ រួមមាន៖ បុរសអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, បុរសអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសទាំង០២នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយទី៣ ជាបុរសអាយុ ៣៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមទាហាមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុប ២៧២នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ មានចំនួនសរុប ២២៣នាក់ ស្ត្រី ៤៦នាក់ និងបុរស ១៧៧នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម