Connect with us

ផ្ទាំងគំនូររបស់ពិព័រណ៍សិល្បៈឆ្នាំ២០២០ ចំនួន២ផ្ទាំងដើម្បីអបអរចំណងមិត្តភាពកម្ពុជា-សិង្ហបុរី ត្រូវបានសម្ពោធហើយ

ភ្នំពេញ៖ កាលពីនៅថ្ងៃទី១០ ខែសីហា នៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ហ្វីលីព មានការប្រារព្ធព្រឹត្តិការណ៍មួយ គឺការសម្ពោធផ្ទាំងគំនូរចំនួន ២ផ្ទាំងដែលអបអរខួប៥៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-សិង្ហបុរី។

លោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា បានផ្តល់កិត្តិយសជាអធិបតី ក្នុងអង្គពិធីនេះ និងបានអញ្ជើញកាត់ខ្សែបូ សម្ពោធផ្ទាំងគំនូរចំនួន២ផ្ទាំង ដែលជាផ្ទាំងគំនូរដាក់តាំងក្នុងពិព័រណ៍សិល្បៈ អបអរខួប៥៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-សិង្ហបុរី ប្រព្រឹត្តទៅកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ ផ្ទាំងគំនូរទាំងពីរ មានឈ្មោះថា “ទន្លេមិត្តភាព” និង “រតនសម្បតិ្ត”។ ផ្ទាំងគំនូរទាំងនេះ ជាស្នាដៃរបស់វិចិត្រករល្បីឈ្មោះសិង្ហបុរី គឺលោក Yip Yew Chong ។

អង្គពិធីនេះ ក៏ប្រព្រឹត្តទៅក្រោមអធិបតីយភាពរបស់ លោក ចាន់ ម៉ាច នាយកប្រត្តិបត្តិធនាគារ ហ្វីលីព លោក Ong Teong Hoon ជាអគ្គនាយក និង វត្តមានតំណាងប្រចាំប្រទេស របស់ក្រុមហ៊ុនមួយផងដែរ។

ផ្ទាំងគំនូរដែលមានចំណងជើងថា ទន្លេមិត្តភាព បានបញ្ជាក់អត្ថន័យដល់ទន្លេបាសាក់ ដែលជាដៃទន្លេមេគង្គ ហូរភ្ជាប់ជាមួយទន្លេសាបនៃប្រទេសកម្ពុជា និង ឆកសមុទ្រម៉ារីណានៃប្រទេសសិង្ហបុរី។ និមិត្តរូបរបស់ប្រទេសទាំងពីរ ត្រូវបានបង្ហាញឡើងក្នុងផ្ទាំងទស្សនីយភាពតែមួយ។

រតនសម្បត្តិ ជាចំណងជើងនៃផ្ទាំងគំនូរមួយផ្ទាំងទៀត ដែលបានបង្ហាញពីនិមិត្តរូបសំខាន់ៗមានលើក្រដាសប្រាក់របស់ប្រទេសទាំងពីរ គឺ ក្រដាសប្រាក់៥ម៉ឺនរៀលកម្ពុជា និង ក្រដាសប្រាក់ ៥ដុល្លារសិង្ហបុរី។ និមិត្តរូបសំខាន់ៗទាំងនេះ រូមមាន រូបដំរីរបស់ខ្មែរ និង ដើម tembusu ក្នុងសួនធម្មជាតិបូតានិករបស់សិង្ហបុរី។ បន្ទាប់ពីនេះ ផ្ទាំងគំនូរ ក៏បានបង្ហាញពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ដែលចង់ឃើញរតនសម្បត្តិរបស់ប្រទេសទាំងពីរ ទទួលបានការអភិរក្សឱ្យនៅគង់វង្ស។

គួរបញ្ជាក់ផងដែរថា ធនាគារហ្វីលីព បានបរិច្ចាគសាច់ប្រាក់ចំនួនជាង ៣ម៉ឺនដុល្លារអាមេរិក ក្នុងនាមជាអ្នកឧបត្ថម្ភផ្លាទីនីមរបស់ពិព័ណសិល្បៈមួយនេះ និង បានទិញយកផ្ទាំងគំនូរទាំងពីរខាងលើ។ សាច់ប្រាក់ដែលបានមកពីការបរិច្ចាគ ត្រូវបានយកទៅចាត់ចែងក្នុងពិធីតាំងពិព័រណ៍ និងជួយដល់អង្គការមនុស្សធម៌ចំនួនពីរ គឺ មូលនិធិកុមារកម្ពុជា និងអង្គការសិល្បៈខ្មែរអមតៈ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម