Connect with us

ក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន សំលឹងឃើញឱកាសចូលមកទីផ្សារកម្ពុជា

មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអង់គ្លេសអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក អែដវ៉ាត វៃហ្ស៊ី (Edward Vaizey) ប្រមុខពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកស្រី ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មីរបស់ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ។ នៅក្នុងជំនួបនោះ មន្ត្រីការទូតទាំងពីរ បានកោតសរសើរអំពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលបានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគថ្មីនៅក្នុងតំបន់។
នាឳកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនអង់គ្លេស ស្របពេលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់ រហ័សជាមួយ កំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគ ជាមធ្យមជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរិ៍ចុងក្រោយនេះ។ ចំពោះវិស័យសំណង់វិញ គឺជាវិស័យដែលមានសក្តានុពលមួយ ដែលកំពុងរីកលូតលាស់យ៉ាង ខ្លាំង ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យមន្ត្រីការទូតអង់គ្លេស ពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ថែមទៀត ដល់និស្សិតកម្ពុជា ពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, និងគណិតវិទ្យា (S.T.E.M) ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពរបស់កម្ពុជា សម្រាប់គាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាការធ្វើដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត។
ជាការឆ្លើយតបភាគីអង់គ្លេស បានសន្យានឹងខិតខំស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម