Connect with us

គម្រោងស្ថានីយបូមទឹកទួលសំពៅ គ្រោងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ស្ថានីយបូមទឹកទួលសំពៅ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី ១៤ខែសីហានេះ សាងសង់សម្រេចបាន ៩៨ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។

ស្ថានីយបូមទឹកទួលសំពៅនេះ មានម៉ូទ័រ បូមទឹកទំហំ ១ម៉ែត្រ ចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង ១វិនាទី ធ្វើឱ្យសមត្ថភាព បូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហា ទឹកលិចនៅភូមិសាស្ត្រក្នុង ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

ស្ថានីយបូមទឹកទួលសំពៅ មានសមត្ថភាព បូមទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទីប៉ុណ្ណោះ តម្រូវឱ្យរដ្ឋបាល រាជធានីភ្នំពេញ ធ្វើការសាងសង់ បង្កើនសមត្ថភាពបូមទឹកបន្ថែមទៀត។

គួរបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះ មានស្ថានីយបូមទឹកចំនួន ១៤កន្លែង ត្រូវបានដំឡើង និងកំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់បូមរំដោះទឹកចេញពីរាជធានីភ្នំពេញ។

ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសិក្សា ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺ ឱ្យហូរចាក់ទៅក្នុងស្ទឹងព្រែកត្នោត ក្នុងគោលដៅកាត់បន្ថយកុំឱ្យទឹកហូរបុកមក ជន់លិចរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ម៉ៅ នរិទ្ធីយ៉ា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម