Connect with us

ដឹងទេ សហគ្រាសធុនតូច និងមធ្យម បានផ្តល់ការងារដល់ពលរដ្ឋប្រមាណ ៥០ភាគរយ នៅទូទាំងប្រទេស តែវិស័យនេះ កំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន

ភ្នំពេញ៖ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា សហគ្រាសធុនតូច និង ធម្យម នៅទូទាំងប្រទេស ដែលបានចុះបញ្ជីរួច មានចំនួន ជាង៥១ម៉ឺន ហើយចំនួន នេះ អាចមានការកើនឡើង ដោយសារតែសហគ្រាសមួយចំនួន នៅមិនទាន់ចុះបញ្ជីរ ។
ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានជួយផ្ដល់ការងារប្រមាណ ពី៤០ទៅ៥០ភាគរយ នៃចំនួនអ្នកមានការងារសរុបនៅកម្ពុជា ។ ដូច្នេះវាបានផ្ដល់នូវប្រយោជន៍ខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាប្រឈមជាច្រើន ។


លោក តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម ភាគច្រើននៅរប៉ាត់រប៉ាយ ជាលក្ខណៈតាមផ្ទះ និងនៅដាច់ឆ្ងាយពីគ្នា ។ ដូចនេះ លោក ចង់ឲ្យសហគ្រាសទាំងអស់ ចងក្រងជាបណ្ដុំមួយ ដើម្បីងាយស្រួលក្នុងការដោះស្រាយជូន ដូចជា តម្លៃអគ្គីសនី តម្លៃទឹក ជាដើម ។ លោក ថា ប្រសិនបើ មានការចងក្រងក្នុងបណ្ដុំតែមួយ នោះការស្នើសុំទៅរាជរដ្ឋាភិបាល នឹងមានប្រសិទ្ធភាពជាង ការនៅដាច់ដោយឡែក ។
លោក តែ តាំងប៉ ក៏បានអោយដឹងផងដែរថា ការចង់ក្រងជាបណ្ដុំសហគ្រាសនេះដែរ ក៏អាចជួយបង្កើនគុណភាពក្នុងការផលិតរបស់ម្ចាស់សហគ្រាស ព្រោះធម្មតា នៅពេលចងក្រងជាបណ្ដុំនៅកន្លែងតែមួយ វាប្រាកដណាស់ នឹងមានអ្នកគ្រប់គ្រងច្បាស់លាស់ ហើយបើសិនជាម្ចាស់សហគ្រាសនោះ មានបញ្ហា អ្នកគ្រប់គ្រងនឹងដោះស្រាយជូន ទៅតាមបញ្ហាជាក់ស្ដែង ។


ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ បានគាំទ្រ និង លើកទឹកចិត្ដដល់ម្ចាស់សហគ្រិនកម្ពុជា ឲ្យបង្កើត ឬចងក្រងជាបណ្ដុំមួយ ដើម្បីងាយស្រួលគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ។
ឯកឧត្តម បន្ដថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅមិនទាន់មានដំណោះស្រាយណាមួយសមស្រប ដើម្បីបង្កើនផលិតភាពនៅឡើយទេ ហើយកំពុងតែប្រឈម នឹងការចំណាយថ្លៃដើមខ្ពស់ក្នុងការផលិត ។


សូមបញ្ជាក់ថា ក្រុមហ៊ុនវើលដ៏ប្រ៊ីដ កំពុងដំណើរការ រៀបចំគម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតសម្រាប់ SME ក្នុងបំណងបង្កើតនូវប្រព័ន្ធអេកូផលិតកម្ម តាមរយៈការបង្កើតអោយមានកម្មវិធី ស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលជំនាញដែលអាចប្រែក្លាយសហគ្រាសធុនតូច និងមធ្យមទាំងឡាយឲ្យទៅជា ចលករដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម