Connect with us

សារធាតុម្យ៉ាងក្នុងម្ទេសអាចជួយសម្រកទម្ងន់បាន

តើគ្នាយើងដែលឆ្ងល់ទេ ថាហេតុអ្វីបានជាម្ទេសហឹរ? រសជាតិហឹរក្នុងម្ទេសនេះ គឺបង្កដោយសារធាតុម្យ៉ាងហៅថា capsaicin ហើយសារធាតុនេះមានច្រើននៅក្នុងគ្រាប់ម្ទេសជាងសាច់ម្ទេស។ អត្ថបទនេះនឹងបង្ហាញពីប្រយោជន៍ និងហានិភ័យនៃសារធាតុមួយនេះចំពោះសុខភាពយើង។

អត្ថប្រយោជន៍នៃសារធាតុ capsaicin

សម្រកទម្ងន់

ទម្ងន់របស់យើងគឺពឹងផ្អែកលើការធ្វើមេតាបូលីសដែលជាដំណើរការនៃការបំបែកអាហារដែលយើងញ៉ាំ ដោយបំលែងអាហារទាំងនោះទៅជាថាមពល។ សារធាតុ capsaicin អាចជួយជំរុញដល់ការធ្វើមេតាបូលីសដោយជួយឱ្យស្រកទម្ងន់ និងដុតបំផ្លាញខ្លាញ់បានលឿន។ នេះមកពីសារធាតុ capsaicin បង្កើនការប្រើប្រាស់អុកស៊ីសែន និងសីតុណ្ហភាពរាងកាយ ដែលបណ្ដាលឱ្យមានការកើនឡើងនៃការដុតកាឡូរី។ ការសិក្សាជាច្រើនបង្ហាញថាការញ៉ាំសារធាតុនេះជាប្រចាំអាចជួយបន្ថយបរិមាណកាឡូរីដែលយើងញ៉ាំ និងជួយដល់ការដុតខ្លាញ់ក្នុងរាងកាយ។ ទាំងនេះសុទ្ធតែជួយដល់ការសម្រកទម្ងន់រាងកាយយើង។

បន្ថយការរលាក

អាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដូចជាម្ទេសអាចប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីក្នុងរាងកាយ។ រ៉ាឌីកាល់សេរីអាចបង្កឱ្យមានការរលាករ៉ាំរ៉ៃដែលអាចបង្កើនហានិភ័យជំងឺមហារីក ជំងឺប្រព័ន្ធភាពស៊ាំ​និងជំងឺបេះដូង។ ដូចនេះ សារធាតុ capsaicin អាចជួយបន្ថយហានិភ័យជំងឺទាំងនេះបាន។

បន្ថយការឈឺចាប់

ពេលខ្លះ​គេប្រើសារធាតុ capsaicin ដើម្បីបន្ថយការឈឺចាប់។ សារធាតុនេះ​ភ្ញោចកោសិកាធ្មួល (Receptor) នៃការឈឺចាប់ដែលនេះ​អាចនាំឱ្យបន្ថយការឈឺចាប់បាន។ ភាគច្រើនគេប្រើសារធាតុនេះ​ជាមួយនឹងគ្រីមបំបាត់ការឈឺចាប់ ជាពិសេសសម្រាប់អ្នកមានបញ្ហាសន្លាក់​ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ រលាកសន្លាក់ឆ្អឹង និងការឈឺចាប់បង្កដោយការខូចសរសៃប្រសាទសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការប្រើគ្រីមមានសារធាតុ capsaicin អាចបង្កអាការៈក្រហាយដូចពេលញ៉ាំម្ទេសដែរ។ ដូចនេះ​គួរប្រើក្នុងបរិមាណតិច។

ផលប៉ះពាល់នៃសារធាតុ capsaicin

អាការៈក្រហាយ

ផលប៉ះពាល់បង្កដោយសារធាតុ capsaicin គឺអាការៈក្រហាយ។ សម្រាប់អ្នកមានបញ្ហាចាល់អាស៊ីដ អាហារដែលមានសារធាតុ capsaicin អាចធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែយូរទៅ ក្រពះពោះវៀន​នឹងស៊ាំទៅនឹងផលប៉ះពាល់នេះ និងបន្ថយអាការៈមិនស្រួលបាន។

សីតុណ្ហភាពក្នុងខ្លួនកើនឡើង

ការញ៉ាំសារធាតុ capsaicin ច្រើនអាចធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើង។ អាការៈនេះ​គឺមិនបង្កគ្រោះថ្នាក់អ្វីទេ ហើយក៏មិនមានការសិក្សាណាបញ្ជាក់ថា​ការញ៉ាំសារធាតុនេះអាចបង្កអាការៈគ្រុនក្ដៅទេ ប៉ុន្តែមនុស្សមួយចំនួន​ងាយប្រឈមនឹងអាការៈនេះ។ បន្ថែមពីនេះទៀត សារធាតុ​capsaicin​អាចធ្វើឱ្យឡើងសម្ពាធឈាម។ ដូចនេះ​សម្រាប់អ្នកផឹកថ្នាំបញ្ចុះសម្ពាធឈាម​គួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន​មុននឹងញ៉ាំរបស់ហឹរ៕

ប្រភព៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម